សម្តេច​តេ​ជោ​៖ ការបោះឆ្នោត​មិនមាន​ការផ្លាស់ប្តូរ​ទេ​,​សម រង្ស៊ី៖ បើ​រដ្ឋាភិបាល​មិន​ពន្យារពេល​បោះឆ្នោត​អំពើហិង្សា​នឹង​ផ្ទុះឡើង​

311

(​ភ្នំពេញ​)៖​នៅ​ព្រឹក​នេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​បក្ស​កាន់​អ​ណា​ច បាន​ប្រតិកម្ម​ទៅនឹង​ការចុះផ្សាយ​របស់​កា​សែត​​ភ្នំពេញ​ប៉ុស្តិ៍ ចំពោះ​អ្វីដែល​សម្តេច​ហៅថា​«​រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់ខ្ញុំ​ឲ្យ​បាន​ច្បាស់​និង​មានការ​ចេះដឹង​ច្រើនជាង​នេះ​…»​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​ដូច្នេះ​ថា​«​ព្រឹក​នេះ​ខ្ញុំ​បាន​មើល​ភ្នំពេញ​ប៉ុស្តិ​ចុះផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​(​លោកនាយក​រដ្ឋមន្ត្រី​ថា​​ការបោះឆ្នោត​អាចធ្វើ​មិនបាន​បើ​មានការ​ច្របូកច្របល់​)​ហើយ​ការបកស្រាយ​ក្នុង​អត្ថបទ​នេះ​គេច​ង់​និយាយថា​ខ្ញុំ​នឹង​លុបចោល​ឬ​​ពន្យារ​ការបោះឆ្នោត​នាពេលខាងមុខ​។​

​ដោយ​មិនបាច់​បកស្រាយ​ច្រើន​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្ងៃ​២៥​កុ​ម្ភះ​២០១៨​និង​ការបោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា​ថ្ងៃ​២៩​កក្កដា​២០១៨​ដែល​បានកំណត់​រួចហើយ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​។​

​សង្ឃឹមថា​ការ​ភ្នំពេញ​ប៉ុស្តិ​នឹង​រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់ខ្ញុំ​ឲ​បាន​ច្បាស់​និង​មានការ​​ចេះដឹង​ច្រើនជាង​នេះ​រាប់ទាំង​ក្រុមអ្នកវិភាគ​ផងដែរ​»​។​

​សូមបញ្ជាក់ថា ការអះអាង​បញ្ជាក់​របស់​សម្តេច​តេ​ជោ​នៅ​ព្រឹក​នេះ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​អតីត​ប្រធាន​គណបក្សប្រឆាំង​​ដែល​កំពុង​និរទេស​ខ្លួន​លោក សម រង្ស៊ី ព្រមាន​ថាបើ​រដ្ឋាភិបាល​មិន​ពន្យារពេល​បោះឆ្នោត​អំពើហិង្សា​នឹង​ផ្ទុះឡើង​។​

​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែមករា បាន​លើកឡើងថា​ ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារពេល​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ទេ អំពើហិង្សា​នឹង​កើតមានឡើង ហើយ​កម្ពុជា ក៏​នឹងត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួលស្គាល់​ទៀតផង​។​

(រូប៖RFA)

​លោក សម រង្ស៊ី តាមរយៈ​បណ្តាញ​សង្គម​ទ្វី​ធឺ (tweeter) របស់លោក បានដាក់​សំណើ​មក​សម្តេច​តេ​ជោ​អោយ​ពន្យារពេល​បោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ រហូតដល់​រូបលោក និង​សម្តេច​តេ​ជោ ហ៊ុន សែន អាច​ធានាបាន​ថា ការបោះឆ្នោត​នៅពេល​ខាងមុខ​យ៉ាង​​ហោចណាស់​ក៏​អាចមាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ជៀសវាង​អំពើហិង្សា និង​ការមិនទទួលស្គាល់​កម្ពុ​ជា ពី​សំណាក់​សហគមន៍​អន្តរជាតិ​។​

​ទោះជា​យ៉ាងណា សម្តេច​តេ​ជោ ធ្លាប់បាន​ចេញមក​បញ្ជា​ក់តប​ថា រដ្ឋ​ធម្ម​នុ​ញ្ញាក​ម្ពុ​ជា​មិន​តំរូវអោយ​បរទេស ឬ​អង្គការសហប្រជាជាតិ​ទទួល​​ស្គាល់​លទ្ធផល​ឆ្នោត​របស់ខ្លួន ក្រៅតែពី​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ទេ ។​

​ចំណែក​មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ត្រូវបាន​ទីភ្នាក់ងារ រ៉​យ​ទ័​រ ដកស្រង់​សម្ដី​ថា លោក សម រង្ស៊ី កំពុង​បង្កើត​បរិយាកាស​ភ័យខ្លាច​ហើយ កម្ពុជា​មិនចាំបាច់​ពន្យារពេល​នៃ​ការបោះឆ្នោត​នោះទេ​៕​ដោយ​៖​វាសនា​