សម្តេច​តេ​ជោ ចេញ​រាល់​ការចំណាយ​ការសិក្សា​សម្រាប់​កុមារា​អាយុ​៧​ឆ្នាំ​ដែលមាន​សមត្ថភាព​ធ្វើ​លំ​ហាត់​គណិតវិទ្យា​ថ្នាក់​ទី​១២​បាន

1009

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជួប​ចៅប្រុស ហ៊ឺ ទៀង គីម​ហុង អាយុ​៧​ឆ្នាំ និង​ឪពុក ម្ដាយ​ក្រុមគ្រួសារ និង​លោកគ្រូ​ប្រចាំ​ថ្នាក់​របស់ គីម​ហុង ព្រមទាំង​លោកគ្រូ ដែល​បានធ្វើ​តេស្ត គីម​ហុង លើ​សមត្ថភាព​គណិតវិទ្យា​កន្លងមក​។ ការជួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ​ផ្ទាល់​តែម្តង​។​
​ ​
​នៅលើ Facebook Page សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ឪពុកម្ដាយ លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ចិ​ញ្ចឹ​ម​បីបាច់​ថែរក្សា និង​អប់រំ​បង្រៀន​កុមារ ហ៊ឺ ទៀង​គីម​ហុង ដែល​ទើប​មាន​អាយុ​៧​ឆ្នាំ មាន​សមត្ថភាព​ធ្វើ​គណិតវិទ្យា​ថ្នាក់​ទី​១២​បាន​​យ៉ាង​ល្អ​។ សម្តេច​តេ​ជោ សន្យាថា​នឹង​ឧបត្ថម្ភ​គ្រប់បែបយ៉ាង​ដល់​ការសិក្សា​របស់ គីម​ហុង ដើម្បី​ទទួលបាន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។ គីម​ហុង គឺជា​ធនធាន​ដ៏​មាន​សារ​សំខាន់បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​

​កុមារា គីម ហុង គឺជា​កុមារ​ដែលមាន​សមត្ថភាព​ពិសេស​យល់ដឹង​លើ​ភាសា​ខ្មែរ និង​គណិតវិទ្យា​។ គីម​ហុង​មាន​សមត្ថភាព​ពិសេស​ចេះ​​អាន​អក្សរ និង​រៀប​អក្សរ​ខ្មែរ និង​អក្សរ​ឡាតាំង​កាលពី​អាយុ​ជាង​២​ឆ្នាំ​។ អាយុ​បាន​ពីរ​ឆ្នាំកន្លះ កុមារ គីម​ហុង​ចេះ​អាន​សារ​ជូនពរ​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យ៉ាង​ល្អ​។​
​ ​
​នៅក្នុងពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ចៅ គីម​ហុង សម្តេច​តេ​ជោ បានប្រគល់​កំ​ព្យូ​ទ័​រ​ឲ្យ កុមារ​ប្រើប្រាស់​ស្រាវជ្រាវ​ក្នុង Internet និង​បាន​ឲ្យ​ចៅស្រី​សម្តេច និយាយ​សន្ទនា​ជា​ភាសា​អង់គ្លេស​ជាមួយគ្នា​ផងដែរ​។​
​ ​
​សម្តេច​តេ​ជោ ក៏បាន​ប្រាប់​ឲ្យ​ចៅ គីម​ហុង ស្រាវជ្រាវ​រក​ផែនទី​កម្ពុជា និង​ទីតាំង​មួយចំនួន ហើយ​វាស់​ចំងាយ​រក​ចំនួន​ប្រវែង​គីឡូម៉ែត្រ​។ គីម​ហុង ធ្វើបាន​យ៉ាង​ល្អ​គួរ​ឲ្យ កោតសរសើរ​។ ដោយសារ​កុមារ​នេះ មាន​សមត្ថភាព​ពិសេស គឺ​សម្តេច​តេ​ជោ​បានស្នើ​អាហារូបករណ៍​ពិសេស​​ពីសា​លា Belti ដល់​គីម​ហុង បាន​សិក្សា​ចំណេះដឹង​ទូទៅ​។ គីម​ហុង​អាច​នឹង​ចាប់​សិក្សា​ពី​ថ្នាក់​ទី​៨​ឡើងទៅ​ប្រសិនបើ​សាលា​ធ្វើតេស្ត​ស​ម​ត្ថ​ភាព​រួចហើយនោះ​។​
​ ​
​ទន្ទឹមនឹង​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​លោក ដួង តារា ជំនួយការ​សម្តេច​តេ​ជោ នឹង​ក្រុមគ្រួសារ​ពិភាក្សាគ្នា​ជាមួយ​ក្រសួង​​អប់រំ យុវជន​និង​កីឡា​ដើម្បី​រក​គ្រឹះស្ថាន​ល្អ​ដែល​សមស្រប​ទៅនឹង​សមត្ថភាព​ពិសេស​របស់​កុមារ គីម​ហុង​។ សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​ទទួលបន្ទុក​រាល់​នូវ​ការចំណាយ​ក្នុងការ​សិក្សា​សម្រាប់​កុមារា គីម ហុង ទាំងស្រុង​។​
​ ​
​បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ចៅប្រុស ក្រុមគ្រួសារ និង​លោកគ្រូ​រួចមក​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​ឧបត្ថម្ភ​កុំព្យូទ័រ​យួរដៃ​១​គ្រឿង​iPad០១ សម្រាប់​សិក្សា​ស្រាវជ្រាវ និង​កង់​១​គ្រឿង សម្រាប់​ចៅប្រុស​ធ្វើដំណើរ​ទៅ​សាលា រួម​នឹង​ថវិកា​មួយចំនួន​ផងដែរ​។​
​ ​
​គួរ​បញ្ជាក់ថា សព្វថ្ងៃនេះ កុមារា គីម​ហុង កំពុង​រៀន​នៅ​សាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍ ដែលមាន​ទីតាំងនៅ​ភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត តាកែវ​។ ឪពុកម្តាយ​របស់​កុមារា គីម​ហុង សព្វថ្ងៃ​គឺ​កំពុង​រស់នៅ​ទីតាំង​ខាងលើ នេះ​ផងដែរ​៕