សម្តេច​តេ​ជោ ដាស់តឿន​ពួក​បរទេស កុំ​ប្រតិកម្ម​ដោយ​ខ្វះ​ការពិចារណា អំពី​អង្គហេតុ និង​អង្គច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​

190

(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សំដែង​ប្រតិកម្ម​ខ្លាំង ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​សំណាក់​ជនបរទេស​​មួយចំនួន ដែល​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​និង​បានស្នើ​ឲ្យ​ជន​ទាំងនោះ ប្រតិកម្ម​ឲ្យ​បានច្បាស់លាស់ ដោយ​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។
​ ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ចំនួន​ជាង ១ ម៉ឺន​នាក់ មកពី​រោងចក្រ​ប្រមាណ ២០ ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា​ម្សិលមិញ ។​
​ ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ថ្លែង​ដាស់តឿន​ចំពោះ​ជនបរទេស​ទាំងឡាយ​ដែល​តែងតែ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​​ប្រទេស​ដទៃ កុំ​ឲ្យ​ធ្វើខ្លួន​ដូចជា​ខ្លួន​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ ។ ព្រោះ​គ្មាន​អ្នកណា​ស្គាល់​ខ្មែរ​ជាង​ខ្មែរ​ខ្លួនឯង​នោះទេ ។ បរទេស​មួយចំនួន ធ្លាប់បាន​ធ្វើបែបនេះ នៅលើ​ទឹកដី​កម្ពុជា​ម្តង​ជា​ពីរដង​រួចមកហើយ ថែមទាំង​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា រាប់លាន​នាក់​ត្រូវស្លាប់​​ដោយសារតែ​បរទេស​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នេះឯង​។ សម្តេច ក៏បាន​ស្នើ​ជនបរទេស​ទាំងនោះ ប្រតិកម្ម​ឲ្យ​បានច្បាស់លាស់​ដោយ​ពិនិត្យ​​ទៅលើ​អង្គហេតុ​និង​អង្គច្បាប់ ដោយ​មិនត្រូវ​ប្រតិកម្ម តាមរយៈ​ប្រហារជីវិត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស រារាំង​ការបោះឆ្នោត បំផ្លាញ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ នោះទេ​។​
​ ​
​សម្តេច​តេ​ជោ មានប្រសាសន៍ថា​៖ “​ខ្ញុំ​សុំ​ដាស់តឿន​ចំពោះ​អ្នក​ទាំងឡាយ​ដែល​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ខ្មែរ​លើស​ខ្មែរ សូមកុំ​ធ្វើ​ប្រតិកម្ម​​ប្រហារជីវិត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា​។ អ្នក​កំពុង​ធ្វើ​ប្រតិកម្ម​តាមរបៀប​បរទេស​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​។ វា​ជាការ​ខុសឆ្គង ហើយ​អ្នក​ធ្លាប់​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ តែ​អ្នក​បានសម្លាប់​ខ្មែរ អស់​រាប់លាន​នាក់ រួចស្រេច​ទៅហើយ​…​។​អ្នក​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​​នូវ​អង្គហេតុ និង​អង្គច្បាប់ ។ យើង​មិន​អនុញ្ញាត​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ បែប​ឧទ្ទាម​នោះទេ​” ។​
​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​ជនបរទេស ដែល​តែងតែ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ថា​៖“​ប្រសិនជា​អ្នក​ចង់​​បំផ្លាញ​យើង គឺ​មានន័យ​ស្មើនឹង​អ្នក​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដែល​អ្នក​កំពុង​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​ដែរ​។ អ្នក​ត្រូវ​គិតពី​ចំណុច​នេះ ឲ្យ​បាន​ច្បាស់ នៅទីនេះ មិនមែនជា​បញ្ហានយោបាយ​នោះទេ នៅទីនេះ គឺ​បញ្ហា​ច្បាប់ អ្នក​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​” ។​
​ ​
​គួរ​បញ្ចាក់​ដែរ​ថា កន្លងមក មាន​ព្រឹទ្ធសភា​អាមេរិក​មួយរូប បាន​គំរាម​ដាក់​ឱសានវាទ ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​ទោស​ក្បត់ជាតិ នៅមុន​ថ្ងៃទី​៩ ខែវិច្ឆិកា ។ លោក ថេត គ្រូ​ស ព្រមាន​បន្ថែមថា​ទំនាក់​​ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពេលកន្លងមក ប្រព្រឹត្តទៅបាន​ក៏ដោយ​សារ​ឈរលើ​ស្មារតី​នៃ​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ​សេរី​និង​ការបោះ​​ឆ្នោត ដែល​គួរ​ឲ្យ​ជឿទុកចិត្ត​មួយ​បាន​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​នូវ​ភាពច្បាស់លាស់​មួយ ក្នុង​ការបន្ត​រក្សា​សន្តិភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា បើទោះបី​មាន​គណបក្សនយោបាយ​មួយចំនួន ត្រូវបាន​តុលាការ​រំលាយចោល ក៏ដោយ ។ សម្តេច​បាន​អះអាងថា បើទោះបី​គណបក្សប្រឆាំង ត្រូវ​រំលាយ​នៅ​ថ្ងៃ​ខាងមុខ​ក៏ដោយ ក៏​នៅមាន​គណបក្ស​ច្រើន​ទៀត យើង​ប្តូរផ្តាច់​ជាមួយ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បន្តទៀត ។​
​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ “​យើង​បន្ត​ការខិតខំ​ជាមួយគ្នា ដើម្បី​រក្សា​សន្តិភាព និង​ការប្តេជ្ញា​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ជា​បន្តទៀត​” ។ សម្តេច​តេ​ជោ បាន​បន្តថា បើទោះបី​បក្សនយោបាយ​ខ្លះ ត្រូវបាន​រំលាយខ្លួន​រួចជាស្រេច​ដោយ​តុលាការ និង​នៅពេល​ខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹងត្រូវ​រំលាយចោល ដោយ​ផ្អែកទៅលើ​អង្គហេតុ និង​អង្គច្បាប់ ដែលមាន​ជា​ធរមាន​ជាមួយ​បទល្មើស ដែល​គេ​បាន​សាង​សម្រាប់​ប្រជាជន​កម្ពុជា ។ ក៏ប៉ុន្តែ​អត់​គណបក្ស​មួយ នៅមាន​គណបក្សនយោបាយ​ច្រើនណាស់​ចូលរួម ។ សម្តេច​បន្តថា យើង​ប្តូរផ្តាច់​ជាមួយ​ដំណើការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​បន្តទៀត ។ ដោយ​ត្រូវធ្វើ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ និង បោះឆ្នោត​សាកល​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​
​ ​
​ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ថ្លែងបន្ត​ពាក់ព័ន្ធ​ការរំលាយ​គណបក្សប្រឆាំង ដោយបាន​ប្រកាស​ឲ្យ​មានការ​ភ្នាល់​គ្នា​ជាមួយ​សម្តេច​ដោយ​ថា ១ រៀល សង ១០០​រៀល បើ​ករណី​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្តេច​បាន​បន្តថា សម្តេច​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​បន្តធ្វើ​ការងារ​បំរើប្រជាជន ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា យើង​ចង់​ផ្តល់ឱកាស​ឲ្យ ពួកគេ តែបើ​គេ​មក ក៏​មក មិន​មក​ក៏​ជា​សិទ្ធិ​របស់គេ ។ សម្តេច​បាន​បន្តថា គេ​បាន​សិក្សា​ពី​ផ្លូវច្បាប់​ច្បាស់​ណាស់ ដល់​អត់​ដាក់​មេធាវី​ទៅទៀត រិត​តែ​លឿន ចាំ​មើលទៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា រំលាយ​ឬ​មិន​រំលាយ ។ សម្ត​ច​បន្តថា មន្ត្រី​គណបក្ស​ប្រជាជន​ច្រើនណាស់ បន្តធ្វើ​ការងារ​ទៅ បើ​គេ​មិន​មក ហើយ​គណបក្ស​ដទៃ ក៏​នឹង ទទួលបាន​អាស​ន្នៈ​រាប់រយ រាប់ពាន់ បន្ទាប់ពី គ ជ ប ធ្វើការ​បែងចែក​។​
​ ​
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ត​ជា​ចុងក្រោយ​ថា​៖ “​យើង​មិន​ចុះចាញ់​ជាមួយនឹង​ទង្វើ​អគតិ​ណា ទោះបី​ការបំផ្លិចបំផ្លាញ ទោះបី​អាសិរពិស​ប៉ុណ្ណា​ក៏ដោយ យើង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បំផ្លាញ​នូវ​សេចក្ដីសុខ នូវ​សន្តិភាព ស្ថេរភាព និង​កិច្ច​ការដែល​យើង​កំពុងអភិវឌ្ឍន៍​ទៀត​ទេ​៕ ដោយ​៖​តារា​រិ​ទ្ធ​/sn