សម្តេច​តេ​ជោ ប្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ពី​ការរកឃើញ​គ្រាប់បែក​គីមី​ដែល​អាមេរិក​លើទឹក​ដី​ខ្មែរ ​

536

(​ហ្វីលីពីន​) ៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​ត៉េ​ស​( António Guterres)​អគ្គលេខាធិការ​អង្គការ​សហ​​ប្រជាជាតិ (UN) នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​បានបញ្ជាក់​ប្រាប់​ដោយផ្ទាល់​មាត់ ទៅកាន់​អគ្គលេខាធិការ​រូបនេះ ពី​វត្តមាន​របស់​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​​នៅលើ​ទឹកដី​កម្ពុជា ហើយ​បាននិងកំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ រងគ្រោះ​ដោយ​ឥទ្ធិពល​របស់​គ្រាប់បែក​គីមី ទាំងនោះ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​លោក António Guterres ថា ថ្មីៗ​នេះ​កម្ពុជា បាន​រកឃើញ​នូវ​គ្រាប់បែក​គីមី​ក្នុង​ទឹកដី ដែល​អាមេរិក​ទំលាក់​ចុង​ទស្សវត្ស​ទី​៦០ និង​ដើម​ទស្សវត្ស​៧០ ដែល​រយៈពេល​ប្រមាណ​៤០​ឆ្នាំនេះ ពលរដ្ឋ​កម្ពុជា​បាននិងកំពុង​រងគ្រោះ​​ដោយ​ឥទ្ធិពល​របស់​វា​។ ទាក់ទង​បញ្ហា​នេះ កម្ពុជា​បានធ្វើ​លិខិតផ្លូវការ ទៅកាន់​អង្គការ​អន្តរជាតិ ផ្នែក​អាវុធ​គីមី​ដើម្បី​ជួយ​កម្ពុជា​​រួចរាល់​ហើយ​។​

​កម្ពុជា​ក៏៏​បាន​ជូនដំណឹង​និង​ទាក់ទង​ភាគី​អាមេរិក​ជា​យូរ​មកហើយ​ដែរ តែ​ថ្មី​នេះ ទូត​អាមេរិក​នៅ​ក្រុងភ្នំពេញ​បាន​ឆ្លើយតប​ដោយ​ថា​​វា​មិនមែនជា​គ្រាប់បែក​គីមី​ទេ តែ​ជា​គ្រាប់បែក​បង្ហូរទឹកភ្នែក​ប៉ុណ្ណោះ​។​
​ ​
​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរ​​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ បញ្ជាក់ថា កម្ពុជា បានដាក់​សំណើ​រួចរាល់​ហើយ ទៅកាន់​អង្គការ​ហាមឃាត់​អាវុធ​គិ​មី​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បង្ហាញ​ពី​ការរុករក​ឃើញ​វត្តមាន​គ្រាប់បែក​គីមី​របស់​អាមេរិក ដែល​បន្សល់​លើដី​ខ្មែរ​។ ក្រៅពី​បង្ហាញ​ពី​ការរុករក​ឃើញ​គ្រាប់បែក​គីមី របស់​អាមេរិក​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ហើយ​នោះ ប្រមុខ​ការទូត​កម្ពុជា​ក៏បាន​ស្នើ​​សុំ​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ផ្នែក​អាវុធ​គីមី​មួយ​នេះ ជួយ​បោសសំអាត និង​បំផ្លាញ​អាវុធ​គីមី​របស់​អាមេរិក​ផងដែរ​៕ដោយ៖វិបុល-វាសនា