សម្តេច​តេ​ជោ ស្នើ​ប្រធានាធិបតី​អាមេរិក ពិចារណា​បង្វែរ​បំណុល​សម័យ​សង្គ្រាម មកជា​ជំនួយ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​វិញ​ ​

1051

(​ម៉ានីល​, ហ្វីលីពីន​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ដោយផ្ទាល់​មាត់​នៅ​ចំពោះមុខ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ពិចារណា​បង្វែរ​បំណុល ដែល​កម្ពុជា​ជំពាក់​អាមេរិក​ក្នុងសម័យ​សង្គ្រាម​នា​ទស​វត្សរ៍​ឆ្នាំ​៧០​មកជា​ជំនួយ​សម្រាប់​​អភិវឌ្ឍ​កម្ពុជា​ជំនួស​វិញ​។​

សម្ដេចតេជោក្នុងកិច្ចប្រជុំកំពូលអាស៊ាននាក្រុងម៉ានីល

​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ថា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក គឺ​ប្រៀបដូចជា​អាមេរិក​យក​ញញួរ​​មក​វាយ​ក្បាល​កម្ពុជា ហើយ​ឲ្យ​កម្ពុជា​សង​ថ្លៃ​ញញួរ​នោះ​ថែមទៀត​។​
​ ​
​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា “​ខ្ញុំ​ក៏​សូម​បញ្ជាក់ជូន​ឯកឧត្តម​ផងដែរ​ថា បញ្ហា​បំណុល​ដែល​កម្ពុ​ជាមាន​ជាមួយ​សហរដ្ឋអាមេរិក ជា​បញ្ហា​មួយ​ដែល​ខ្ញុំ​ធ្លាប់បាន​និយាយ ជាមួយ​ប្រធានាធិបតី អូ​ប៉ា​ម៉ា​…​រឿងនេះ​វា​ដូច្នេះ គឺ​នៅត្រង់ថា កម្ពុជា​ត្រូវបាន​ទម្លាក់​ដោយ​​រដ្ឋប្រហារ​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ហើយ​បាន​ក្លាយទៅជា​ប្រទេស​ជំពាក់​បំណុល​របស់​សហ​រដ្ឋ​អាមេរិក​ហើយ​បំណុល​នោះ​ទៀត​​សោត គឺ​យើងខ្ញុំ​ជា​អ្នកទទួល​មរតក ដូច្នេះ​យើងខ្ញុំ​ត្រូវមាន​ភារកិច្ច​សង​…​យើងខ្ញុំ​បានស្នើ​សុំ​ថា យើងខ្ញុំ​សង​តែ​ស្នើ​អាមេរិក​បង្វែរ​បំណុល​​នោះ​មកជួយ​កម្ពុជា​វិញ​…​ចំណុច​នេះ គឺជា​ចំណុច​ដែល​យើងខ្ញុំ​ស្នើសុំ​ឯកឧត្តម​ពិចារណា​ពីព្រោះថា​វា​ប្រៀបដូចជា​ការយក​ញញួរ​មក​វាយ​​យើងខ្ញុំ​ហើយ ឲ្យ​យើងខ្ញុំ​សង​ថ្លៃ​ញញួរ​ហ្នឹង​ទៅទៀត ព្រោះ​ជំនួយ​នេះ​មិនដឹងថា គេ​យកមក​ធ្វើ​អី​ហើយ​គេ​ទិញ​អាវុធ​មក​ធ្វើសង្គ្រាម​នៅ​កម្ពុជា ក្នុងពេល​យើងខ្ញុំ នៅ​ក្មេងៗ​នៅឡើយ​…​ប៉ុន្តែ​មរតក​រដ្ឋ​យ៉ាងនេះ យ៉ាងណាក៏ដោយ​យើងខ្ញុំ​ត្រូវតែមាន​ការគោរព​…”​។​
​ ​
​សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​ក្នុងសម័យ​សាធារណរដ្ឋ​របស់លោក​សេនាប្រមុខ លន់ នល់ (១៨ មីនា ១៩៧០-១៧ មេសា ១៩៧៥) ដែលជា​សម្ព័ន្ធមិត្ត​រប​ស់ស​ហរ​អាមេរិក​នោះ បាន​ខ្ចី​អាមេរិក​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ជំនួយ​នោះ​ភាគច្រើន​មិន​​សូវ​ជា​បានធ្វើការ​អភិវឌ្ឍន៍​អ្វី​នោះឡើយ គឺ​សម្រាប់​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក លន់ នល់ ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​កងទ័ព​របស់​ខ្មែរក្រហម​។ បូក​ទាំង​ដើម និង​ការប្រាក់​ផង មកដល់​ពេលបច្ចុប្បន្ន​បំណុល​នេះ បាន​ឡើង​រហូតដល់​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​វិបុល​/sn