សម្តេច​តេ​ជោ ស្នើ​ឲ្យ​ពិចារណា​ក្នុងការ​ពន្យារ​អាយុ​គ្រូ​ក្នុងការ​ចូលនិវត្តន៍​និង​ថា​ប្រាក់ខែ​គ្រូបង្រៀន​នឹង​កើន​ដល់​យ៉ាងតិច​ជាង ១​លាន​រៀល​ក្នុង​មួយខែ​

396

(​ភ្នំពេញ​) ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​​ពាក់ព័ន្ធ ឲ្យ​មានការ​ពិចារណា​ពន្យារ​អាយុ​គ្រូ​ក្នុងការ​ចូលនិវត្តន៍ ពី​៦០​ឆ្នាំ ទៅ​៦៥​ឆ្នាំ​។​
​ ​
​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ ជា​អធិបតីភាព​ប្រារព្ធ​ពិធី​អបអរសាទរ «​ទិវា​គ្រូបង្រៀន ៥ តុលា​» នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ នេះ​។​
​ ​
​ទន្ទឹមនឹង​ការស្នើ​ឲ្យ​ពិចារណា លើ​ការពន្យារ​អាយុ​ចូលនិវត្តន៍​របស់​គ្រូបង្រៀន​នា​ព្រឹក​នេះ សម្ដេច​តេ​ជោ ក៏បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អនុវត្តន៍​ដោយ​ជោគជ័យ​ការលើកកម្ពស់​គុណ​វ​ឌ្ឍ​និង​តម្លៃ​របស់​គ្រូ​​បង្រៀន​។
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បច្ចុប្បន្ន កម្ពុ​ជាមាន​សាលាបឋមសិក្សា​ចំនួន ៧.៤៤៤​ខ្នង​, អនុវិទ្យាល័យ ១.២៤៥​ខ្នង​, វិទ្យាល័យ ៤៨៦​ខ្នង និង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ១១៥​ខ្នង ដែល​បាននិងកំពុង​ផ្តល់​ការអប់រំ​ដល់​កូន​ប្រជាពលរដ្ឋ​ខ្មែរ​។ ក្នុងនោះ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៧ សម្តេច​បាន​សាងសង់ និង​ជួសជុល​អគារសិក្សា​ចំនួន ៣៩៣២​ខ្នង ស្មើ​និង ២២.៥៥០​បន្ទប់​។​
​ ​
​ដោយបាន​ថ្លែងថា នៅ​ឆ្នាំ​២០១៨ ប្រាក់ខែ​គ្រូបង្រៀន​នឹង​កើន​ដល់​ជាង ១​លាន​រៀល​ក្នុង​មួយខែ​យ៉ាងតិច សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មន្ត្រីរាជការ​ជា​គ្រូបង្រៀន និង​គ្រូពេទ្យ ជា​អ្នកមាន​ប្រាក់បៀវត្សរ៍​ច្រើនជាងគេ តែ​ស​ម្តេចក៏​សង្ឃឹមថា​មន្ត្រីរាជការ​ក្នុង​​ក្របខណ្ឌ​ដទៃ​នឹងមិន​ច្រណែន​នឹង​បញ្ហា​នេះឡើយ ព្រោះ​រាជរដ្ឋាភិបាល​ចង់​ណាស់​ក្នុង​ការដំឡើងប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​និង​កង​កម្លាំងប្រដាប់អាវុធ តែ​ត្រូវធ្វើ​ឲ្យ​សមរម្យ​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​៕​ដោយ​៖​វិបុល​/sn
​ ​