សម្តេច​តេ​ជោ ហ៊ុន សែន​ជូនពរ​បងប្អូន​ជនរួមជាតិ​រីករាយ​និង​ធ្វើដំណើរ​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​ក្នុងអំឡុងពេល​ឆ្លង​ឆ្នាំ​សកល​នេះ​

385

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ឲ្យ​ជួយ​សម្រួល​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យ​បានល្អ​ជូន​បងប្អូន​​នៅ​គ្រប់​ទីកន្លែង​អោយបាន​សប្បាយរីករាយ ជាពិសេស​នៅតាម​ទីតាំង​ដែល​សំបូរ​ទេសចរ​ទៅ​កំសាន្ត​ក្នុងអំឡុងពេល​ឈប់សម្រាក​ឆ្លង​​ឆ្នាំ​សកល​២០១៧​ឆ្លង​ចូល​២០១៨​នេះ​។​

​តាមរយៈ​ទំព័រ​Facebook​របស់​សម្តេច សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេរ​ដូច្នេះ​ថា «​ថ្ងៃអាទិត្យ​ទី ៣១​ធ្នូ នេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​​ឆ្នាំ​២០១៧​។ នៅ ម៉ោង​១២:០០ យប់​នេះ ពិភពលោក​នឹង​អបអរសាទរ​ឆ្នាំ​សកល​ថ្មី ២០១៨!

​នៅ​ចុង​សប្តាហ៍​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាន និង​កំពុងធ្វើដំណើរ​ទៅ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​នានា ជាពិសេស​គឺ​នៅ​​តំបន់ឆ្នេរ​សមុទ្រ​ដូចជា ខេត្ត​ព្រះសីហនុ កំពត និង​កែប​។ សូម​បងប្អូន​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ព្រោះ​មាន​អ្នកធ្វើដំណើរ​ច្រើន​ដែល​​ធ្វើអោយ​ផ្លូវ​ចង្អៀត​។ សូម​បន្ថយល្បឿន​ពេល​បើកបរ​កាត់​ទីប្រជុំជន ហើយ​មានការ​អធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក​ពេល​កំពុង​បើកបរ​។​

​សូម​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ជួយ​សម្រួល​ចរាចរណ៍ រៀបចំ​ការពារ​សណ្តាប់​ធ្នាប់​ជូន​ពលរដ្ឋ និង​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើម្បី​បាន​កំសាន្ត​សប្បាយរីករាយ នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​សកល​ថ្មី ២០១៨ នៅ​យប់​នេះ​។​

​ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ​ក្នុង​ក្រុមគ្រួសារ រកស៊ី​ទទួលទាន​មានបាន និង​មាន​លាភ​សំណាង​គ្រប់ៗ​គ្នា​ព្រមទាំង​ពុទ្ធពរ​៥​ប្រការ​គឺ អាយុ វណ្ណ​: សុ​ខៈ ពល​: និង​បដិភាណៈ​កុំបី​ខាន​»។

​ក្នុងពេល​ជាមួយគ្នា សម្ត​ច​មិន​ភ្លេច​រំលឹកថា​ការដែល​យើងទាំងអស់គ្នា​មានឱកាស​ធ្វើដំណើរ​ទៅ​កំសាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​​ធម្មជាតិ​ជិត​ឆ្ងាយ​ដោយ​គ្មាន​ការភ័យខ្លាច ដោយសារតែ ប្រទេសជាតិ​មាន​សុខសន្តិភាព ដូច្នេះ​មិនត្រូវ​អនុញ្ញាតអោយ​កម្លាំង​ណា​ក៏​​ដោយ​មកបំផ្លាញ​សន្តិភាព​នៅ​ក​ម្ព​ជា​បាន​នោះទេ​៕​ដោយ​៖​វាសនា​