សម្តេច​តេ​ជោ ហ៊ុន សែន​: “​វត្តមាន​របស់ខ្ញុំ​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល គឺ​ការបញ្ចប់​ការកសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​”

762
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ក្រចេះ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅមុខ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តក្រចេះ​ថា​៖ “​វត្តមាន​របស់​ហ៊ុន សែន និង គណបក្ស​ប្រជា ជនកម្ពុជា​នៅក្នុង​ការគ្រប់គ្រង​ប្រទេស​នាពេលខាងមុខ គឺជា​វត្ត​មាននៃ​ការបញ្ចប់​ការកសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ​”​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សង្ឃឹម​ផងដែរ​ថា ប្រជាជន​ខេត្តក្រចេះ និង​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្តទៀត ដើម្បី​សម្តេច​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល ដើម្បី​បញ្ចប់​ការសាងសង់​ស្ពាន​នៅ​ខេត្តក្រចេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាង​បែបនេះ នៅក្នុង​ពី​ធី​សម្ពោធ​សាកលវិទ្យាល័យ​ក្រចេះ ដែលជា​សាកលវិទ្យាល័យ​រដ្ឋ​មួយ ដែល​បាន​កសាង​អស់​ថវិកា​ជាង ១២​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​យក​ឱកាស​នេះ បញ្ជាក់ជូន​បងប្អូន​នៅ​ខេត្តក្រចេះ និង​បញ្ជាក់ជូន​លោក​ឯកអគ្គរដ្ឋទូត នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​ថា ការសាងសង់​ស្ពាន​នៅ​កម្ពុជា វា​មិនទាន់​គ្រប់​ទេ ត្រូវ​សាងសង់​ស្ពាន​បន្ថែ​ម​ទៀត​នោះ គឺ​ត្រូវ​សាងសង់​ស្ពាន​មួយ​នៅ​ទី​រួម​ខេត្តក្រចេះ គឺ​ស្ពាន​ឆ្លងទន្លេ​មេគង្គ ដើម្បី​បង្កើត​ការងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នក​ខេត្តក្រចេះ ឆ្លងកាត់​ទៅ​ខេត្តកំពង់ធំ​ទៅ​សៀមរាប ឲ្យ​បាន​លឿន ព្រោះ​បើ​មាន​ស្ពាន​នេះ​ពី​ក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ តែ ១២៩​គីឡូម៉ែត្រ​ទេ​។​

​សម្តេច​តេ​ជោ​បន្តថា អ៊ីចឹង​វត្តមាន​របស់​ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការគ្រប់គ្រង​ប្រទេស នាពេលខាងមុខ គឺជា​វត្ត​មាននៃ​ការបញ្ចប់​ការកសាង ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ឆ្លៀត​ប្រាប់​ទៅ​លោក ស្យ៉​ង បូ ឯកអគ្គ​ទូត​ចិន​ប្រចាំ​កម្ពុជា​ថា​៖ “​ឯកឧត្តម​ខ្ញុំ​បាន​ប្រាប់​ប្រជាជន​កម្ពុជា​រួចហើយ​អាទិភាព​ឲ្យ​លុយ​”​។ បើតាម​សម្តេច​តេ​ជោ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​នេះ នឹងដាក់​ចូលទៅក្នុង​គ​ម្រោ​ង​កសាង​ផ្លូវ​ស្ពាន ឆ្នាំ ២០១៩​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​អតីតកាល​កាលពី ៤២​ឆ្នាំមុន ដែល​ក្នុង​ថ្ងៃ​១៧​មេសា ប្រជាជន​កម្ពុជា​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​។ តែ​៤២ ឆ្នាំក្រោយ​នៅ​ថ្ងៃទី​១៣,១៤ មេសា ប្រជាជន​កម្ពុជា​បាន​ជន្លៀស​កូន​ប្រពន្ធ​ពី​ទីក្រុង​ទៅលេង​ស្រុកកំណើត ហើយ​នៅ​ថ្ងៃ​១៧ ខែមេសា បងប្អូន​បាននាំគ្នា​សម្រុកចូល​ទៅកាន់​ទីក្រុង​ភ្នំពេញ​វិញ ដើម្បី​ធ្វើ​ការងារ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលឹក​ផងដែរ​ថា ៤២​ឆ្នាំមុន​ក៏​ជា​ថ្ងៃ​ដ៏​សែន​ឈឺចាប់​របស់​សម្តេច ដែល​ត្រូវបាន​បាត់បង់​គ្រាប់ភ្នែក​ដ៏​មានតម្លៃ ដោយសារតែ​សង្គ្រាម​។ ក៏ប៉ុន្តែ​ភាព​ពិការ​នេះ មិនបាន​ធ្វើ​ឲ្យ​សម្តេច​បាក់​ទឹកចិត្ត​នោះទេ សម្តេច​បាន​តស៊ូ​រំដោះជាតិ រំដោះប្រជាជន​កម្ពុជា និង​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​។
​សម្តេច​ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​ជន​អសីលធម៌​មួយចំនួន​ដែល​បាន​ប្រមាថ​ម៉ាក់​ងាយ ចំពោះ​ភាព​ពិកា​នេះ ដោយ​ប្រើ​នូវ​ពាក្យ អា​ខ្វាក់ អា​កំបុត អា​កំបាក់ ដែល​នេះ​ជា​ភាព​អសីលធម៌​មួយ មិនគួរ​ឲ្យ​មាន​ជន​បែបនេះ​នៅក្នុង​សង្គម​កម្ពុជា​នោះទេ​៕ ល​