សម្តេច​តេ​ជោ ហ៊ុន សែន ចែករំលែក​អនុសាសន៍ ៥ ចំណុច សម្រាប់​បន្ត​កំណែទម្រង់​វិស័យ​អប់រំ​

833
ចែករម្លែក

​ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត​លទ្ធផល​ការងារ​អប់រំ​ឆ្នាំ​(២០១៧-២០១៨) ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​)​បាន​ចែករំលែក អនុសាសន៍​៥ ចំណុច សម្រាប់​បន្ត​កំណែទម្រង់​វិស័យ​ដ៏​អតិ​ភាព​នេះ ។
​អនុសាសន៍​ទាំង ៥ ចំណុច​នេះ មាន​ខ្លឹមសារ​ដូចតទៅ ៖

១) បន្ត​អនុវត្ត​ការងារ​អប់រំ​ឱ្យ​សកម្ម ធានា​ប្រសិទ្ធភាព និង​គុណភាព ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន និង​លើកកម្ពស់ ផ្តល់ឱកាស​ក្នុងការ​សិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា ។ ក្នុងនោះ ទន្ទឹមនឹង​ការអភិវឌ្ឍ​កម្មវិធីសិក្សា យើង​ត្រូវខិតខំ​កសាង​បរិស្ថាន​សាលារៀន​ស្អាត ផ្គត់ផ្គង់​ទឹកស្អាត រៀបចំ​បង្គន់​អនាម័យ​សមរម្យ សួន​ធម្មជាតិ​ក្នុង​សាលារៀន​អោយ​ស័​ក្ត​សមជា​ទីកន្លែង​អប់រំ បណ្តុះ​គំនិត ឱ្យ​ស្អាតស្អំ គ្មាន​ការ​ញាំញី​ផ្លូវចិត្ត និង​ផ្លូវកាយ​ជាដើម ។​

២) អនុវត្ត​ឱ្យមាន​ភាពរស់រវើក ធានា​ភាព​ស័ក្តិសិទ្ធិ​នៃ​ភាពជា​អ្នកដឹកនាំ និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​។​ក្នុងនោះ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​ហិរញ្ញប្បទាន​សម្រាប់​គ្រឹះស្ថានសិក្សា​ការងារ​ផែនការ ស្ថិតិ​អប់រំ ការពង្រាយ​គ្រូបង្រៀន​ឱ្យបាន​ដល់​មូលដ្ឋាន បន្ត​អភិវឌ្ឍ​សមត្ថភាព​របស់​នាយក​សាលា និង​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល និង​គ្រឹះស្ថានសិក្សា ពិសេស​ពង្រឹង​ការងារ​អធិការកិច្ច និង​យន្តការ​ពិនិត្យ​កែលម្អ​ជាប្រចាំ និង​ពង្រឹង​អភិបាលកិច្ច​ឧ​ត្ត​មសិ​ក្សា ព្រមទាំង​ជំរុញ​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​ធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា ។​

៣) អនុវត្ត​ឱ្យ​សកម្ម​លើ​ការងារ​កាយ​រឹទ្ធ និង​យុវជន ដោយ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​កុមារ និង​យុវជន​ឱ្យមាន​ស្មារតី​ទទួលខុសត្រូវ ជឿជាក់​លើ​សមត្ថភាពរ​បស់​ខ្លួន និង​ប្រកាន់ខ្ជាប់​នូវ​ទង្វើ​វិជ្ជមាន​ក្នុងសង្គម បំផុស​ឱ្យ​សកម្ម​នូវ​កម្មវិធី «​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ​» និង​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​។ ចុះជួយ​ដល់​មូលដ្ឋាន​នៅតាម​សហគមន៍​នានា​បន្ត​ពង្រឹង​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​សម្រាប់​យុវជន សំដៅ​ឆ្លើ​តប​បាន​ទៅនឹង​ឱកាស​ការងារ និង​ភាពរឹងមាំ​នៃ​កោសិកា​សង្គម ។​

៤) អនុវត្ត​ឱ្យ​សកម្ម​លើ​ការងារ​កីឡា ដោយ​ត្រូវ​អភិវឌ្ឍ សមាគម​កីឡា​មហាជន និង​ក្រុមកីឡា​សិស្ស​-​និស្សិត ពង្រឹង និង ពង្រីក​សកម្មភាព​អប់រំ​កាយ និង​កីឡា​នៅតាម​គ្រឹះស្ថានសិក្សា បង្កើន​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​ប្រសិទ្ធភាព​ការងារ​កីឡា​គ្រប់​ប្រភេទ ដើម្បី​ឈាន​ឆ្ពោះទៅ​ទទួលបាន​ជោគជ័យ​កុង​ការប្រកួត​កីឡា​សី​ហ្គេម លើក​ទី ៣២ នៅ​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

៥)​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​ហិរញ្ញប្បទាន​សហ​ប្រតិ​ប​តិ​ការ​ដោយ​ត្រូវ​រៀបចំ​សកម្មភាព​ឱ្យ​ឆ្លើយតប​ទៅនឹង​ឤ​ទិ​ភាព​នៃ​ការអភិវឌ្ឍ​ជាតិ ផ្សាភ្ជាប់​ការអប់រំ​ទៅនឹង​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​សន្តិភាព ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​។ ផ្សាភ្ជាប់​នឹង​ការប្រយុទ្ធប្រឆាំង​អំពើហិង្សា ការទប់ស្កាត់ ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ ជំងឺអេដស៍ ការលុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន ការជួញដូរ​ស្ត្រី និង​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការ​រើ​ង​អើ​ង​គ្រប់​ប្រភេទ​ក្នុងសង្គម ។​