សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់​ខេត្តកណ្តាល​

784
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / កណ្តាល​: នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១៦.៤៧៤ នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​១០ ស្ថិតក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ​ស្រុក​ស្អាង​ខេត្តកណ្តាល​។​ជំនួប​សំណេះ សំ​ណា​ល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​កម្មករ កម្មការិនី​នា​ព្រឹក​នេះ​គឺជា​ជំនួប​សំណេះសំណាល​លើក​ទី​៣​ហើយ​សម្រាប់​ខេត្តកណ្តាល​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជា ជីវៈ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹងថា រោងចក្រ​ទាំង ១០ ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ចូលរួម​សំណេះ សំ​ណា​ល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក នេះ គឺ​វិនិយោគ​ដោយ​ជនជាតិ​ចិន​ទាំងអស់​។ រោងចក្រ ទាំង​១០​នេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ៨ ,​បោកគក់​ចំនួន​១ និង តម្បាញ​ចំនួន ១ ផលិតផល​ផលិត​ចេញពី​រោងចក្រ​ទាំង​១០​នេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។

​រោងចក្រ សហគ្រាស​នៅក្នុង​ស្រុក​ស្អាង បាន​កសាង​នៅតាម​មូលដ្ឋាន​ជាប់​នឹង​ប្រជាពលរដ្ឋ ដែល​បាន​បង្កើត​នូវ​មុខរបរ និង​ការងារ​បន្ថែម​ជាច្រើន ងាយ ស្រួល​ដល់​យុវជន​ក្នុង​ការរក​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន របរ​ជួល​ផ្ទះ លក់​ម្ហូបអាហារ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​បច្ចុប្បន្ន នៅក្នុង​តំបន់​នេះ​មាន​រោងចក្រ​សហ គ្រាស​និង​គ្រឹះស្ថាន​ចំនួន​៤៦៧ មាន​កម្មករ និយោជិត ១៥០.៥១៥ នាក់​ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែក​ជើងមាន​ចំនួន​១៦៨ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ២៧៤ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​គិត​ចាប់តាំងពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​កម្មករ កម្មការិនី ប្រធាន​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក​សរុប ៤៣ លើក ដែលមាន​ចំនួន​សរុប ៥៤០,៩៥០​នាក់​៕ ល​