សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​មានការ​វាយតម្លៃ​លើ​វិស័យ​អប់រំ​កាន់តែ​សុក្រឹត

226

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​បានទទួល​ជួប​ថ្នាក់ដឹកនាំ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​​សិក្សា​នៅ​វិមាន​សន្តិភាព​។​
​ ​
​លោក អ៊ាង សុផល្លែត ជំនួយកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ក្នុង​កិច្ចប្រជុំ​ជាច្រើន​ម៉ោង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​ល្បីៗ​នៅ​កម្ពុជា​បាន​​ជជែក​យ៉ាងច្រើន​ទៅលើ​បញ្ហា​អប់រំ​នៅ​កម្ពុជា​ទាំង​បញ្ហា​ប្រឈម និង​ការពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។​
​ ​
​បើតាម​លោក អ៊ាង សុផល្លែត ក្នុងជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​អនុញ្ញាត​ឲ្យ​ការបើក​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មិនចាំបាច់​តម្កល់​​ប្រាក់​ទៀត​នោះទេ​។ ការសម្រេច​បែបនេះ បន្ទាប់ពី​មាន​សំណើ​របស់​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។ ​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​មិញ​ក៏មាន​ការពិភាក្សា លើ​ការបណ្តុះបណ្តាល​គ្រូបង្រៀន​ផងដែរ​។ ត្រង់ចំណុច​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​​លើកឡើងថា ការបណ្តុះបណ្តាល​គ្រូបង្រៀន គឺជា​បញ្ហា​របស់​ក្រសួង​អប់រំ គឺពាក់ព័ន្ធ​នឹង​សេវាសាធារណៈ និង​សេវា​អធិបតេយ្យ​។​សម្តេច​​បានស្នើ​ឲ្យ​ក្រសួង​អប់រំ​ទទួលខុសត្រូវ​លើ​ការបណ្តុះបណ្តាល​នេះ​។​
​ ​
​ពាក់ព័ន្ធ​ការវាយតម្លៃ​ទៅលើ​កម្រិតសិក្សា​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​មានការ​ចុះ​ធ្វើ​អធិការកិច្ច​ពី​ក្រសួង​ធ្វើយ៉ាងណា​ឲ្យ​​ការវាយតម្លៃ​នោះ​មាន​ភាព​សុក្រឹត និង​កាន់តែ​ទូលំទូលាយ​។ ដោយឡែក​ពាក់ព័ន្ធ​ការវាយតម្លៃ​ជំនាញ​វិញ សម្តេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​​មាន​កិច្ចប្រជុំ និង​វាយតម្លៃ​ដោយ​ក្រសួង​ជំនាញ ហើយ​នៅក្នុង​ការវាយតម្លៃ​ការសិក្សា ចំណេះដឹង​ទូទៅ សូម​ឲ្យ​ក្រសួង​ដឹកនាំ និង ពិនិត្យ​ធ្វើយ៉ាងណា​ឲ្យ​មានការ​វាយតម្លៃ​ជារួម​មួយ​។​
​ ​
​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​មិញ​នេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ក៏បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន​អនុញ្ញាត​ឲ្យ​អ្នកសិក្សា​ផ្នែក​សុខាភិបាល​បញ្ចប់​ការសិក្សា​ជាមុនសិន​ចាំ​បញ្ជូនទៅ​ឲ្យ​ក្រសួងសុខាភិបាល​ជា​អ្នកគ្រប់គ្រង​។ ការស្នើសុំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៦​កន្លងទៅ បានសម្រេច​ឲ្យ​និស្សិត​សិក្សា​ផ្នែក​សុខាភិបាល​ត្រូវ​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់​ក្រសួងសុខាភិបាល​។​
​ ​
​ត្រង់ចំណុច​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បានសម្រេច​ថា​និស្សិត​ដែល​រៀន​ផ្នែក​សុខាភិបាល​មុន​ការសម្រេច​ផ្ទេរ​របស់​សម្តេច​គឺ​អនុញ្ញាត​ឲ្យ​​រៀន​ដល់​ចប់​ទើប​បញ្ជូនទៅ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងសុខាភិបាល​ពីព្រោះ​ពួកគេ​បាន​ចូល​សិក្សា​ក្រោម​ការត្រួតពិនិត្យ​​របស់​ក្រសួង​អប់រំ​។ ដោយឡែក​និស្សិត​ថ្មី គឺ​ត្រូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងសុខាភិបាល​តែម្តង​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឯកភាព​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​មួយ​រវាង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ក្រសួងសុខាភិបាល ដើម្បី​ពិភាក្សាគ្នា​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​ការបណ្តុះបណ្តាល​លើ​ជំនាញ​សុខាភិបាល​៕​ដោយ​៖​វិបុល​/sn