សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​សវនាការ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឡាវ​

1326
ចែករម្លែក

(​ភ្នំពេញ)​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​លោក ស៊ុ​ឌី ដួង​ឌី ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឡាវ ចូលជួប​ពិភាក្សា​ការងារ ជា​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី នៅ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖ លោក ស៊ុម​ឌី ដួង​ឌី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ជាមួយនេះ​លោក​ក៏បាន​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានឈ្នះ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ កន្លងមក និង បាន​អបអរ​ចំពោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា ។​

​លោក ស៊ុម​ឌី ដួង​ឌី បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ និង រាយការណ៍​ជូន​សម្តេច​អំពី​ជំនួប​រវាង​រូបលោក​ជាមួយ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា អូន ព័ន្ធ​មុនីរ​ត្ន័ ដោយបាន​ធ្វើការ​ពិភាក្សា​គ្នា និង ចែករំលែក​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក ។ លោក​បាន​គោរព​ជម្រាបជូន​សម្តេច​ផងដែរ​ថា​៖​លោក​បាន​កត់សំគាល់ឃើញការគ្រប់គ្រង ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ភាព​ម៉ត់ចត់​ល្អ​ណាស់​ទាំង​នយោបាយ និងការគ្រប់គ្រង ធ្វើ​ឲ្យ​រូបលោក​ទទួលបាន​នូវ​បទពិសោធន៍​យ៉ាងច្រើន​ពាក់ព័ន្ធ​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ និង នយោបាយ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ របស់​កម្ពុជា ។​
​ ​
ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​អរគុណ​ចំពោះ​ការ​ផ្តាំ​សួរសុខទុក្ខ​របស់លោក​ន​នាយករដ្ឋមន្ត្រី​ឡាវ​ចំពោះ​រូប​សម្តេច ។ សម្តេចបានបង្ហាញ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ​មិត្ត​ឡា​ដែល​បាន​ពេញចិត្ត និង ទុកចិត្ត​ចំពោះ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង នយោបាយ​នែ​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​របស់​កម្ពុជា ។ ក្នុងន័យនេះ​សម្តេច​បាន​មានប្រសាសន៍ថា​៖​ការចែករំលែក​បទពិសោធ​ន៍​រវាង​គ្នា​និង​គ្នា វា​មិនមែនជា​រឿង​ថ្មី​នោះទេ មាន​កិច្ចការ​ច្រើន​កម្ពុជា​ត្រូវ​រៀន​ពី​មិត្ត​ឡាវ និង មាន​កិច្ចការ​ខ្លះ​មិត្ត​ឡាវ​រៀន​ពី​កម្ពុជា នេះ​ជាការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​៕​ដោយ​៖​តារា​រិ​ទ្ធ​