សម្តេច​តេ​ជោ ហ៊ុន សែន និង​កូនប្រសា ​ប្តឹង​ទណ្ឌិត​សម រង្ស៊ី ទៅ​តុលាការ​បារាំង​

579
ចែករម្លែក
សម្តេចតេជោ ហ៊ុន សែន និង លោក ឌីវិជ្ជា(រូបថតឯកសារ)

ដោយៈ វង្ស សុភាព/​ភ្នំពេញៈ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ (​កូន​សព​លោក ហុក ឡងឌី​) បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី ទៅ​តុលាការ​បារាំង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​
​ការប្តឹង​នេះ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ពឹងពាក់​មេធាវី ជនជាតិ​បារាំង ចំនួន​បី​រូប​ដែល​សុទ្ធសឹងតែ​ជា​មេធាវី​ល្បីៗ​នៅ​បារាំង​។ មេធាវី​ទាំងបី​រូប​មានដូចជាៈ ទី​១. លោក Brosselet​។ ទី​២. លោក Doyez និង​ទី​៣. លោក Leick​។​


​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង ដែល​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល សម រ​ង្ស៉ី ចំពោះ​សារ​ដែល​បុគ្គល​នេះ បានដាក់​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​និង​សំដី​ដែល​បុគ្គល​នេះ​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ភាសា​ខ្មែរ (VOA) ដែល​នៅ​ក្នុងនោះ​បុគ្គល សម រ​ង្ស៉ី បានធ្វើការ​ចោទប្រកាន់​យ៉ាង​ឆ្កួត​លីលា និង​ធ្ងន់ធ្ងរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​។ បុគ្គល សម រ​ង្ស៉ី បាន​អះអាង​ដោយ​មួលបង្កាច់​ថា ១. សម្តេច​តេ​ជោ បានសម្លាប់ ឬ​ជា​មេខ្លា​ង​ង​ឲ្យ​គេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី​។ ២. សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា និង​ចុងក្រោយ​។ ៣. សម្តេច​តេ​ជោ បាន​ភូតកុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ឯកឧត្តម ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​ឯកឧត្តម ហុក ឡងឌី បានទទួល​មរណភាព គឺ​ត្រូវរ​ន្ទៈ​បាញ់ ខណៈដែល​បុគ្គល សម រ​ង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បានដាក់​បង្កប់​នៅក្នុង​នោះ​។ ទាំងនេះ​ជាការ​ចោទប្រកាន់ បែប​បរិហារកេរ្តិ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ទំព័រ ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល សម រ​ង្ស៉ី​។​តាម​មនសិការ និង​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន និង​នយោបាយ​របស់​សម្តេច​តេ​ជោ ដែល​តែងតែ​អន់ឱន​និង​អនុគ្រោះ សណ្តោស​ប្រណី​ចំពោះ​ជនរួមជាតិ​របស់​សម្តេច​។ សម្តេច​តេ​ជោ មិន​ចង់​ប្តឹង​បុគ្គល សម រ​ង្ស៉ី នោះទេ ប៉ុន្តែ​ការចោទប្រកាន់​ខាងលើនេះ គឺ​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត និង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​សម្តេច​តេ​ជោ បានសម្រេច​ចិត្ត​ប្តឹង​បុគ្គល​ម្នាក់​ដែលជា​ជនរួមជាតិ​របស់​សម្តេច​។ តុលាការ​បារាំង នឹងត្រូវ​ធ្វើការ​វិនិឆ្ឆ័យ​ថា ករណីនេះ​គឺជា​ការរំលោភបំពាន លើ​ដែន​នៃ​សេរីភាព​បញ្ចេញមតិ​”​។​


​ចំណែក​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង​ការពារ​ក្តី​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​បញ្ជាក់ថា “​ឯកឧត្តម ឌី វិជ្ជា បាន​ប្តឹង​បុគ្គល សម រង្សី ចំពោះ​សារ​មួយ​ដែល​បុគ្គល​នេះ​បានដាក់​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ បុគ្គល សម រង្ស៊ី បាន​ចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយ​បំពាន​និង​ដោយ​ខុសស្រឡះ​ថា ឯកឧត្តម ឌី វិជ្ជា បាន​ជឿជាក់ថា​ឪពុក​របស់គាត់​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្លាប់​។ បុគ្គល​សម រង្សី បាន​អះអាង​ដោយ​មួលបង្កាច់​ថា ឯកឧត្តម ឌី វិជ្ជា មាន​ចេតនា «​សងសឹក​» ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន​ហើយ ដើម្បី​សម្រេច​កិច្ចការ​នេះ ឯកឧត្តម ឌី វិជ្ជា ត្រូវ​រៀបចំ​ផែនការ​សងសឹក​នេះ ដោយ​រួម​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។ ឯកឧត្តម ឌី វិជ្ជា មិនអាច​ទទួលយក​ការទម្លាក់​កំហុស បែប​បរិហារកេរ្តិ៍​នេះ​បានទេ​។ បើតាម​ការពិនិត្យ​ទៅលើ​ពាក្យពេជន៍​ដែល​បុគ្គល​សម រង្សី បាន​ប្រើ (​ពាក្យ «​សងសឹក​» និង «​ផែនការ​») គឺជា​ការចោទប្រកាន់ថា ឯកឧត្តម​ពិតជា​មានបំណង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដើម្បី​សងសឹក​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ឪពុក​របស់ខ្លួន​។ ការនិយាយ​ចោទប្រកាន់​ដោយ​បុគ្គល​សមរង្សី​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​កិត្តិយស​និង កិត្តិ​ស័ព្ទ​របស់​ឯកឧត្តម ឌី វិជ្ជា តម្រូវ​ឲ្យ​ឯកឧត្តម ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​”​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក​ឡង់ឌី លោក​កត់សម្គាល់​ឃើញថា បុគ្គល​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​បាន​ព្យាយាម​បង្កចលាចល​ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​លើ​រូបលោក ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​មានការ​ភ័ន្តច្រឡំ​ជុំវិញ​ការស្លាប់​របស់​ឪពុក​លោក​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០៨​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ការស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដោយសារ​កត្តា​អាកាសធាតុ ប៉ុន្តែ​ត្រូវបាន​ទណ្ឌិត សម រង្ស៊ី​យកទៅ​ធ្វើជា​ឧបាយកល​ទុច្ចរិត​ក្នុងការ​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ឥត​អៀនខ្មាស់ ងងឹតងងល់​ហ៊ាន​ប្រើ​ឈ្មោះ​របស់​សព​ដើម្បី​ប្រឌិត​រឿង​បំបែកបំបាក់​ផ្ទៃក្នុង​នៃ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុមគ្រួសារ​ខ្ញុំ​”​។​


​ទាក់ទង​ករណីនេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ចូលទៅ​តុលាការ​ប្ដឹង​ទណ្ឌិត សម រង្ស៊ី ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការដាក់​ពាក្យបណ្ដឹង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៩ តាមរយៈ​លោក​ហាក់ សៀក​លី ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ។ សម្ដេច​ក្រឡាហោម ស ខេង បាន​ប្ដឹង​សុំ​ឲ្យ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​ឈ្មោះ សម រង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ និង​ទាមទារ​ឲ្យ​ឈ្មោះ សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​បួន​ពាន់ លាន​រៀល និង​សុំ​លោក​រាជអាជ្ញា​មេត្តា​ពិនិត្យ​និង​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ សម រង្ស៊ី តាមច្បាប់​៕ សរន