សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​រោងចក្រ​ស៊ីម៉ង់​តិ៍ ថៃ ប៊ុន​រ៉ុង តម្លៃ​ប្រមាណ ១១០​លាន​ដុល្លារ​នៅ​ខេត្តកំពត

305
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ សម្ភោ​ធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ ថៃ ប៊ុន​រ៉ុង តម្លៃ​ប្រមាណ​១១០ លាន​ដុល្លារ​អាមេរិក​ដែល​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍​ទី​៥​នៅ​កម្ពុជា ។ រោងចក្រ​ផលិត​ស៊ីម៉ង់ តិ៍ ថៃ ប៊ុន​រ៉ុង មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្តកំពត ។

​រោងចក្រ​ស៊ីម៉ង់​តិ៍ ថៃ ប៊ុន​រ៉ុង សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត ៧០០ ហិកតា​បំពាក់​ដោយ​ឧប ករណ៍​បច្ចេកទេស​ទំ​នើ​ប​ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​បានប្រមាណ ២,៥០០ តោន​ក្នុង​មួយថ្ងៃ​ស្មើនឹង​ជិត១លាន​តោន​ក្នុង​មួយឆ្នាំ។ រោងចក្រ​នេះ​អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍ ​ដល់​បុគ្គលិក​ប្រមាណ៣៣៥ នាក់ក្នុងនោះ​មាន​ជនជាតិ​បរទេស​ប្រមាណ​៣៥នាក់​។ក្រៅពី​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បានជា​ច្រើន​នាក់​ហើយ​នោះ​ក្រុមហ៊ុន​ត្រូវ​បង់ថ្លៃ​សួ​សារ​ថ្មកំបោរចូល​រដ្ឋ​ប្រមាណ៦៨ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដោយ​មិនទាន់​គិត​ប្រាក់ចំណូល​ពន្ធអាករ និង កាតព្វកិច្ច​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍​កន្លងមក​បាន​ឲ្យ​ដឹងថា​វត្តមាន​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា​និង​ចូលរួមចំណែក​ច្រើន​ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈសំណង់ជាពិសេស​ស៊ីម៉ង់ត៍​ដែល​កម្ពុជា​ធ្លាប់បាន​នាំចូល​ច្រើន​ពី​បរទេស។​សម្តេច​តេ​ជោ​បាន​ព្យាករ ណ៍និន្នាការ​នៃ​ការប្រើប្រាស់​ស៊ីម៉ង់តិ៍​ប​ច្ចុប្បន្ន​នេះ​មិនមាន​ការថយចុះ​ទេ ។ មូលហេតុ​ដែល​មិនមាន​ការថយចុះ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្នុង​ការកសាង​ផ្ទះសម្បែងក្នុង​ការកសា ងសាលារៀនក្នុងការ​កសាង​វត្ត​អារាម និង ​សំណង់​នានាគឺ​ពិត​ជាមាន​តម្រូវការ​កាន់តែ​ខ្ពស់​ទៅៗ។សម្តេច​ក៏បាន​លើកទឹកចិត្ត​ទៅដល់​ការកសាង​លំនៅដ្ឋាន​ការកសាងសាលារៀន ទី​អារាម​នានាធ្វើ​ទៅដោយ​គ្រឿងសំណង់ដែល​ចេញ​មកពី​ដែកនិង​ស៊ីម៉ង់តិ៍​ជំនួស​វិញ​ ។​ម្យ៉ាងទៀត​និន្នាការ​ប្រើប្រាស់​ស៊ីម៉ង់តិ៍​នៅ​កម្ពុ​ជាមានកំណើន​កាន់តែ​ខ្ពស់​ដោយសារតែ​បច្ចុប្បន្ននេះ​ការធ្វើ​ផ្លូវថ្នល់ទាំង​ផ្លូវជាតិ និង​ផ្លូវលំ មិនបាន​ផ្តោត​ការយកចិត្តទុកដាក់​ក​សាង​ពី​កៅស៊ូ​ទៀត​ទេ​។ ពិតមែន ហើយ​យើង​មាន​តម្រូវការ​ប្រើប្រាស់​កៅស៊ូ​ខ្លះៗ​ថែម​បន្តទៀត​ក៏ប៉ុន្តែ​ការប្រើប្រាស់​ស៊ីម៉ង់ត៍​ដើម្បី​ធ្វើ​ផ្លូវ​ពី​បេតុង​គឺ​ពិតជា​នឹងមាន​កំណើន​កាន់តែ​ខ្ពស់ …​ផ្លូវលំមួយចំនួន​ក៏​កំពុង​ចាក់​បេតុង​ជំនួស​អោយ​ការចាក់​កៅស៊ូ​កាលពី​ពេលមុន​។​

​បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ស៊ីម៉ង់​តិ៍​ចំនួន ៥ រាប់ទាំង​រោងចក្រ​ស៊ីម៉ង់​តិ៍​ថៃ ប៊ុន​រ៉ុង ដែល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ​។ រោងចក្រ​ទាំង​៥​នេះ អាច​ផលិត​ស៊ីម៉ង់​តិ៍​បាន​ជិត ៨ លាន​តោន​ក្នុង​មួយឆ្នាំ ។ រោងចក្រ​ទាំង​៥​នេះ​រួមមាន​៖១. រោងចក្រ​ស៊ីម៉ង់​តិ៍​កំពតស៊ី​មេន ខូ​អិ​ល​ធី​ឌី(Kampot Cement Co., Ltd)មាន​ទីតាំងនៅ​ស្រុក​បន្ទាយ មាស​និង​ស្រុក​ដងទង់​ខេត្តកំពត​មាន​សមត្ថភាព​ផលិត​ប្រមាណ​២​លាន​តោន​ក្នុង​មួយឆ្នាំ​។ ២.​រោងចក្រ​ស៊ីម៉ង​តិ៍ក​ម្ពុជា​ចក្រី​ទីង​(Cambodia Cement Chakreyting Co.,Ltd)​មាន​ទីតាំងនៅ​ស្រុក​កំពត​ខេត្តកំពត​មាន​សមត្ថភាព​ផលិត​ប្រមាណ​១,១​លាន​តោន​ក្នុង​មួយឆ្នាំ​។​៣.​រោងចក្រ​ស៊ីម៉ង់​តិ៍ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេនខ​ប​ភើ​រេ​ស៊ិន​(Chip Mong Insee Cement Corporation)​មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស​ខេត្តកំពតមាន​សមត្ថភាព​ផលិត​ប្រមាណ​២​លាន​តោន​ក្នុង​មួយឆ្នាំ ។៤.​រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត មាន​ទីតាំង​ស្ថិតនៅ​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​តិ៍​បាន​ជិត ២ លាន​តោន​ក្នុង​មួយឆ្នាំ។៥.​រោងចក្រ​ស៊ីម៉ង់​តិ៍ ថៃ ប៊ុន​រ៉ុង ស្ថិតនៅស្រុក ​ដង​ទុង​ខេត្តកំពត​មាន សមត្ថភាព​ផលិត​ស៊ីម៉ង់​តិ៍​បាន​ជិត ១ លាន​តោន​ក្នុង​មួយឆ្នាំ ៕