សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» នៅ​ថ្ងៃទី​១៨-១៩ ខែតុលា

793
ចែករម្លែក

ដោយ​: មុនីរ័ត្ន / ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ព្រះរាជាណាចក្រ​ប៊ែ​ល​ហ្ស៊ិ​ក តប​តាម​ការអញ្ជើញ​របស់លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​លោក Jean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​។​

​អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ “ អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​” មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជម្រុញ​កសាង​កំលាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បំរែបំរួល​អាកាសធាតុ ជាដើម​។​

​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង “​ពង្រឹង​ប្រព័ន្ធ​ពហុ​និយម​៖ ជម្រុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​អំពី​ការ​ប្រឈម​សកល​” សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ​៖ «​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​»​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម​ភាគី​របស់​សម្តេច​តេ​ជោ ដូចជា លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី លោក Viktor Orbán នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ហុង​ហ្គ្រី​លោកជំទាវ Erna Solberg នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ន័​រវេ​ស លោក Andrej BabiŠ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ឆែក និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក ផងដែរ​៕ ល​