សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​នៅ​សង្ហ​បុរី​ពីថ្ងៃ​ទី​១៣-១៥ វិច្ឆិកា​

570
ចែករម្លែក

​ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​» ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី តប​តាម​ការអញ្ជើញ​របស់លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀតថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រំពឹងថា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ដូចខាងក្រោម ៖
​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ / ការ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។ កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី អមដោយ​អាហារ​ពេលព្រឹក​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២១​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៣​។​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២១​។ កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា អមដោយ​អាហារ​ពេលព្រឹក​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២១ ។ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៣ (​ពេញអង្គ​)​។ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អមដោយ​អាហារ​ថ្ងៃត្រង់ និង​។ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ លើក​ទី​២​។​

អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

​ស្របពេល​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​ប្រជុំ និង​កម្មវិធី​មួយចំនួន ដូចខាងក្រោម ៖ ​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​។ កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​រៀបចំ​ដោយ​លោក​លី សៀន​ឡុង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​ពិធី​លៀង​សាយភោជន (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។​ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន​ផងដែរ​។

ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន លើក​ទី​១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន លើក​ទី​២២ ដែល​កិច្ចប្រជុំ​ទាំងពីរ​នេះ នឹង​ប្រព្រឹត្តទៅ​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​៕B/

 

#