សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី​នៅ​ជប៉ុន​

.​ជប៉ុន​នឹង​ផ្តល់​ជំនួយឥតសំណង​ជាង​៥០០​លាន​យ៉េន​ដល់​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ចំនួន​២

422
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​នៅ​ទីក្រុង​តូ​ក្យូ ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។ អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​មួយចំនួន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (​រូប​ថ​តៈ​ខ្លីៗ​)​ ​

​ក្រសួងការបរទេស​បាន​បន្តថា នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​លើ​មូលបទ​របស់​សន្និសីទ «​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជំនះ​ភាពវឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនៈវិស័យ លើ​បរិបទ​សកលលោក​បច្ចុប្បន្ន ចក្ខុវិស័យ​នាពេល​អនាគត មាគ៌ា​ឆ្ពោះទៅមុខ និង ការប្តេជ្ញាចិត្ត​និង​រួមចំណែក​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​ភា​ព​សុខដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុង​ពិភពលោក​។​

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​សន្និសីទ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន អា​បេ ស៊ីន​ហ្សូ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្តទុកដាក់​រួម​។ នាឱកាស​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ​នឹង​អញ្ជើញ​ជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់ប្តូរ​សារ​ព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចំនួន​២ ដូចជា​១-​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​-​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ ដែលមាន​ទឹកប្រាក់​២០០​លាន​យ៉េន​ជប៉ុន និង​២-​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែលមាន​ទឹកប្រាក់​៣៣៩ លាន​យ៉េន​ជប៉ុន​។

​ក្រសួងការបរទេស​បាន​បន្តទៀតថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​ឥស្សរៈជន​ជប៉ុន និង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សិក្ខាសាលា​ស្តីពី ការវិនិយោគ​នៅ​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) និង​ធនាគារ​មី​ហ្ស៊ូ​ហូ (Mizuho)៕ ល​