សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅលើ​កោះរ៉ុង​នៅ​ថ្ងៃស្អែក​នេះ

1452
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ព្រះសីហនុ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​ស្អែក​នេះ នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​» ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​សណ្ឋាគារ​ដ៏​ទំនើប​នេះ​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងដំណាក់កាល​ទី​១ ហើយ​សាងសង់​ជា​លក្ខណៈ​វីឡា​ចំនួន ៦៧​ខ្នង ស្មើ ១៤៨​បន្ទប់ ដែល​រាល់​វីឡា​នីមួយៗ​មាន​អាង​ហែល​ទឹក​មួយ​។

​កោះរុង​ស្ថិតនៅ​ចម្ងាយ​២៥ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយមាន​ផ្ទៃដី ៧៨​គីឡូម៉ែត្រ​ក្រឡា​, កម្ពស់ ១៣៣ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ និង​មាន​ប្រវែង​ជើង ត្បូង​១០​គីឡូម៉ែត្រ​។ កាលពី​ឆ្នាំ​២០១២ ទស្សនាវដ្ដី​អន្តរជាតិ Forbes បាន​ចាត់​ចំណាត់ថ្នាក់​កោះរុង ជា​កោះ​ល្អ​ប្រណីត​នៅ​អាស៊ី​។

​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បានទទួល​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា រយៈពេល​៩៩​ឆ្នាំ ដោយ​ចាប់ដៃ​ជាមួយ​អ្នកវិនិយោគ​ជនជាតិ​ស្វី​ស ដើម្បី​អភិវឌ្ឍន៍​កោះរុង​ឲ្យ​ក្លាយជា​ឋានសួគ៌​នៅ​អាស៊ី និង​សាងសង់​សណ្ឋាគារ​ប្រណីត​នេះ​ឡើង​។

​បើតាម​ជំនួយការ​ជំនិត​របស់​អ្នកឧកញ៉ា គិត ម៉េង បង្ហើប​ឲ្យ​ដឹងថា តម្លៃ​បន្ទប់​ទាប​បំផុត គឺ ៧០០​ដុល្លារ​ក្នុង​មួយ​បន្ទប់ និង​តម្លៃ​ខ្ពស់បំផុត​ចន្លោះ​ពី ១០០០ ទៅ ២០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​បន្ទប់ សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់​៕