សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​ក្នុង​តំបន់​អឺរ៉ុប​

242
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​៣ នៅ​តំបន់​អឺរ៉ុប​គឺ​៖ សាធារណរដ្ឋ​ឆែក ហុង​គ្រី និង​សាធារណរដ្ឋ​ប៊ុលហ្គារី ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

១)-​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក​
​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម អេ​ន​ដ្រេ​ហ្គ បា​ប៊ី​ស (Andrej Babiš) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆែក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក ពីថ្ងៃ​ទី ១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ​២០១៩​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ចា​រ៉ូ​ស្លា​វ គុ​បេ​រ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឆែក​។ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី អេ​ន​ដ្រេ​ហ្គ បា​ប៊ី​ស នឹង​ជួបពិភាក្សា​ទ្វេភាគី​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការយកចិត្តទុកដាក់​រួម​។ ក្រោយ​ជំនួប​ផ្លូវការ​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​។​

២)-​កិច្ចប្រជុំ​កំពូល​ប៊ុ​យ​ដា​ប៉ែស​ស្តីពី​ទឹក លើក​ទី​៣
​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) ប្រធានាធិបតី​ហុង​គ្រី​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3rd BWS) នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​។ រៀបចំឡើង​ក្រោម​ប្រធានបទ «​ការទប់ស្កាត់​វិបត្តិ​ទឹក​» កិច្ចប្រជុំ 3rd BWS នឹង​ផ្តល់ឱកាស​ដល់​ថ្នាក់ដឹកនាំ និង​អ្នកចូលរួម​ទាំងអស់​ចែករំលែក​បទពិសោធន៍ និង​ផ្លាស់ប្តូរ​ទស្សនៈ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈម​នានា ទាំង​នៅក្នុង​តំបន់ និង​សកលលោក​នាពេល​បច្ចុប្បន្ន សំដៅ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន នូវ​ការរីកលូតលាស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ជាពិសេស​ទប់ស្កាត់​វិបត្តិ​ទឹក​ឲ្យ​បាន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ ដោយ​ផ្តោតទៅលើ​អាទិភាព យុទ្ធសាស្ត្រ និង​កម្មវិធី​ការងារ​ច្បាស់លាស់​របស់​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​លើកឡើង​ពី​ភាពចាំបាច់​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​សម្រាប់​សន្តិសុខ​ទឹក និង​និរន្តរភាព​បរិស្ថាន និង​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា និន្នាការ​នៃ​ការឡើង​កំដៅ​ភពផែនដី​កំណើនប្រជាជន​ក្នុង​សកលលោក និង​ជម្លោះ​ក្នុងការ​ប្រើប្រាស់​ទឹក​ឆ្លងដែន​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ ប្រធានាធិបតី​ហុង​គ្រី ព្រមទាំង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយក​អង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO)​។​

៣)-​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប៊ុលហ្គារី​
​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម បូ​យ​កូ បូរី​សសុ​វ (Boyko Borissov) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូ វ​ការ​នៅ​សាធារណរដ្ឋ ប៊ុលហ្គារី ពីថ្ងៃ​ទី ១៥ ដល់ទី ១៦ ខែតុលា ឆ្នាំ​២០១៩ ។ ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម រូ​មិន រ៉ា​ដេ​វ (Rumen Radev) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ប៊ុលហ្គារី លោកនាយក​រដ្ឋមន្ត្រី បូ​យ​កូ បូរី​សសុ​វ ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ការបារម្ភ​រួម គ្នា​។​នៅ​ចុងបញ្ចប់​នៃ​ជំនួប​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​៕ ល​