សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​រដ្ឋមន្ត្រី​សុខាភិបាល​កុំ​ចេះតែ “​រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ​”

1158
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថា ថ្ងៃក្រោយ​សូមកុំ​ធ្វើ​ទង្វើ​ដែល​ហៅថា “​កុំ​រុញ​ឲ្យ​ខ្លោច កុំ​រោច​ឲ្យ​ឆៅ​”​។ ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បន្ទាប់ពី​មានការ​តវ៉ា​របស់​ក្រុមនិស្សិត ដែល​បាន​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ នៅ​ប្រទេស​វៀតណាម បាន Comment ចូលទៅក្នុង​ហ្វេ​ស​បុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ស្នើសុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​បន្ទាប់ ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិន​ទទួលស្គាល់​សញ្ញាបត្រ​សម​មូល ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​នៅ​វៀតណាម​។​

​នៅក្នុង​ពិធី​សម្ភោ​ធ​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នា​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើងថា ប៉ុន្មាន​ថ្ងៃនេះ បាន​ដោះស្រាយ​បញ្ហា​បញ្ចប់​ហើយ ទៅលើ​បញ្ហា​សញ្ញាបត្រ​សមមូល​របស់​និស្សិត​ពេទ្យ ដែល​បាន​បញ្ជូនទៅ​បណ្តុះបណ្តាល នៅ​ប្រទេស​វៀតណាម​។ សម្តេច​តេ​ជោ​បន្តថា នៅ​ប្រទេស​វៀតណាម​និស្សិត​ពេទ្យ​គេ​រៀន​ត្រឹម ៦​ឆ្នាំ ប៉ុន្តែ​នៅ​កម្ពុជា​រៀន ៨​ឆ្នាំ ទើប​ក្លាយជា​វេជ្ជបណ្ឌិត​។ តែ​មិនត្រូវ​មើលស្រាល​ប្រទេស​វៀតណាម​ទេ ត្រូវ​ដឹងថា ការសិក្សា​របស់គេ​ខ្ពស់ជាង​កម្ពុជា ដូចនេះ​ត្រូវ​ពិនិត្យមើល​ម៉ោង​សិក្សា​របស់គេ​មិនមែន​មើល​ឆ្នាំ​ទេ​។​

​សម្តេច​តេ​ជោ​បាន​បន្តថា មាន​អ្នក​ចូលមក Comment នៅក្នុង​ហ្វេ​ស​បុក​សម្តេច​យ៉ាងច្រើន​ទាំង និស្សិត​ដែល​កំពុង​សិក្សា ទាំង​និស្សិត​បានបញ្ចប់​ការសិក្សា បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ដោះស្រាយ​នេះ​។ សម្តេច​តេ​ជោ​បន្តថា បញ្ហា​ចោទ​នៅត្រង់ថា ចុះ​ប៉ុន្មាន​ឆ្នាំមុន​នោះ​និស្សិត​ដែល​រៀន​ចប់​នៅ​វៀតណាម​យើង​ទទួលស្គាល់​ជា​វេជ្ជបណ្ឌិត ចុះ​ឥឡូវ​និ​ស្សិ​ដែល​រៀន​នៅ​សាលា​ដដែល ចេញមក​យើង​មិន​ទទួលស្គាល់ ទាមទារ​ឲ្យ​គេ​ទៅ​រៀន​បន្ថែម ទៅធ្វើ​តេស្ត​ឡើងវិញ​។ ចំណុច​នេះ ខ្ញុំ​សុំ​ឲ្យ​លោក ម៉ម ប៊ុនហេង កុំ “​រុញ​ឲ្យ​ខ្លោច កុំ​រោច​ឲ្យ​ឆៅ​”​។ ព្រោះ​ពីមុន​រៀន​៦​ឆ្នាំ​មកពី​វៀតណាម​ទទួលស្គាល់​ជា​វេជ្ជបណ្ឌិត​ព្យាបាល និង ធ្វើជា​គ្រូបង្រៀន​ទៀត ចុះ​ឥឡូវ​វា​យ៉ាងម៉េច​បាន​មិន​ទទួលស្គាល់ ។ សម្តេច​តេ​ជោ​បាន​បន្តថា​សម្តេច​មានកា​រ​ហត់នឿយ​បន្តិច​ដោយសារតែ​ថា​រឿង​ខ្លះ​មិនចាំបាច់​សោះ គេ​ធ្វើ​ឲ្យ​ទៅជា​រឿង​ចាំបាច់​ឲ្យ​នាយករដ្ឋមន្ត្រី​ឈឺក្បាល ត្រូវតែ​ដោះស្រាយ​ជូន​និស្សិត ។​

​សម្តេច​តេ​ជោ​បាន​បន្តថា អស់លោក​ត្រូវ​មើល​ព្រៃ​ទាំងមូល មិនត្រូវ​មើល​ឈើ​មួយ​ដើមៗ​នោះទេ ព្រោះ​រឿងរ៉ាវ​វា​ច្រើនណាស់​មកហើយ​។ តាំងតែ​ពី​ការកំណត់​អាយុ​ចូលក្នុង​មន្ត្រីរាជការ​របស់​វេជ្ជបណ្ឌិត​ឯកទេស​, រហូតដល់​សិស្ស​ដែល​ត្រូវ​ប្រឡង​ចូលរៀន​ពេទ្យ​យកតែ​និទ្ទេស អា បេ សេ ធ្វើ​ឲ្យ​សិស្ស​ខ្លះ​ដែល​បាន​និទ្ទេស ដេ និង អ៊ឺ មិនអាច​ប្រឡង​បានជា​ដើម​។ សម្តេច​បន្តថា សិស្ស​និទ្ទេស ដេ និង អ៊ឺ មិន​ប្រាកដថា​ជា​សិស្ស​អន់​នោះទេ ព្រោះ​ពេល​ប្រឡង​គ្នា​អាចមាន​ជំងឺ​នាំ​ឲ្យ​មានការ​ភ្លេចភ្លាំង​ក៏​ថា បាន​ដូចនេះ​ត្រូវ​រៀន​មើល​ព្រៃ​ទាំងមូល​កុំ​មើល​ឈើ​មួយ​ដើមៗ ឲ្យ​ប្រឡង​ទាំងអស់​ឲ្យ​តែ​ជាប់​បាក់​ឌុប​។

​សម្តេច​តេ​ជោ​បន្តថា​៖ “​មន្ត្រី​ក្រសួងសុខាភិបាល​ដូចជា​មិនសូវ​ស្រួល​សោះ​ខ្ញុំ​ដូចជា​ចេះតែ​ស​ង្ស័យ​ព្រោះ​ការ “​រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ​” នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​លំបាក​ណាស់​ត្រូវ​ពិនិត្យមើល​ឡើងវិញ​”៕ ល​