សម្តេច​តេ​ជោ ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​វៀតណាម

846
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​​មរណភាព​របស់លោក​ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺជា​ការបាត់បង់​ដ៏​ធំធេង នៃ​ថ្នាក់ដឹកនាំ​ដ៏​ល្អ និង​គួរ​ឲ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស និង​ប្រជាជន​វៀតណាម និង​ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​លោក​ង្វៀន សួន​ហ្វ៊ុ​ក នាយក​រដ្ឋ​ម​ន្ត្រៅ​វៀតណាម​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។​

លោក​ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម (​រូប​ឯកសារ​)​

​នៅក្នុង​លិខិត​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បានសរសេរថា “​ខ្ញុំ​ពិតជា​សោកសៅ​យ៉ាង​ក្រៃលែង​ដោយបាន​ទទួលដំណឹង​មរណភាព​របស់​ឯកឧត្តម ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណា​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។ មរណភាព​របស់​ឯក​ឧ​ត្ត​ម ត្រាន់ ដាយ​ក្វាង នេះ គឺជា​ការបាត់បង់​ដ៏​ធំធេង នៃ​ថ្នាក់ដឹកនាំ​ដ៏​ល្អ និង​គួរ​ឲ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស និង​ប្រជាជន​វៀតណាម និង​ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។ ក្នុងខណៈ​ដ៏​សោក​ស​ង្រែ​ង​នេះ ការ​ឧទ្ទិស និង​ការ​បួងសួង​របស់ខ្ញុំ ស្ថិតនៅ​ជាមួយ​ឯកឧត្តម និង​ប្រជាជន​វៀតណាម​ជានិច្ច​”​។​

​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​សម្តែង​នូវ​សមានចិត្ត និង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​ក្រុមគ្រួសារ​សព ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នេះ​។​

​លោក Tran Dai Quang ប្រធានាធិបតី​វៀតណាម បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ២០១៨​នេះ នៅក្នុង​មន្ទីរពេទ្យ​យោធា ក្នុង​ក្រុង​ហាណូយ ក្នុង​អាយុ ៦១​ឆ្នាំ​នៅ​ម៉ោង ១០:០៥​នាទី​ព្រឹក ដោយសារ​ជំងឺ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក​ប្រធានាធិបតី​វៀតណាម​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​បានទទួល​ការព្យាបាល​ទាំងពី​ក្រុម​វេជ្ជបណ្ឌិត​ក្នុងស្រុក និង​បរទេស​។​

​លោក Tran Dai Quang ប្រធានាធិបតី​វៀតណាម កើត​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​១៩៥៦ មកដល់ពេលនេះ លោក​មាន​អាយុ ៦២​ឆ្នាំ​ហើយ​។ លោក​បាន​កាន់តំណែង​ប្រធានាធិបតី​វៀតណាម កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២១ ខាងមុខ​៕ ​/សរន

#