សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់អនុសាសន៍៨ចំណុចក្នុង​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៥(៦ វិច្ឆិកា ២០១៤ -៦ វិច្ឆិកា ២០១៨)

923
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅថ្ងៃនេះ​បានចេញ​សារលិខិត​មួយច្បាប់​ថ្លែង​ក្នុង​ទិវា​ជាតិ អាហារូបត្ថម្ភ​លើក​ទី ៥ (៦ វិច្ឆិកា ២០១៤ -៦ វិច្ឆិកា ២០១៨) ក្រោម​ប្រធានបទ«​ផ្តល់​អាហារូបត្ថម្ភ​ល្អ​ដល់​កូន​អ្នក​គឺជា​ការវិនិយោគ​ដ៏​ប្រសើរ​បំផុត​»។សារលិខិត​នេះ​ត្រូវបាន​ចុះហត្ថ លេខា​នៅ​ថ្ងៃទី ១ ខែ វិច្ឆិកា​នេះ ហើយ​ត្រូវបាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ចែកចាយ​ដល់​អ្នកសារព័ត៌ មាន​នា​ល្ងាច​ថ្ងៃទី​១ វិច្ឆិកា​នេះ ។​
​ ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អនុសាសន៍​៨ ចំណុច​ដូចខាងក្រោម​៖

​ទី​១. បន្ត​ពង្រឹង​ភាពជា​ដៃគូ​និង​បន្ត​ខិតខំ​សម្របសម្រួល​សហការគ្នា​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​អាហារូបត្ថម្ភ​ស្ត្រី​ និង​កុមារ មាន​ភាពល្អ​ប្រសើរឡើង​តាមរយៈ​ការ អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​ការបរិភោគ​អាហារ​ចម្រុះ សម្បូរ​ប្រូតេអ៊ីន អាហារ​ថាមពល និង មាន​សុវត្ថិភាព​និង​អាហារ​មាន​មីក្រូ​សារជាតិ​គ្រប់គ្រាន់​ពិសេស​ត្រូវ​ហូប ត្រី​ឬក៏​អាហារ​ធ្វើ​ពី​ម្សៅ​ត្រី​ដែលជា​ប្រភព​មាន​អាហារ​រូប​ត្ថ​ម្ភ​ច្រើន​សម្រាប់​ការលូតលាស់​និង​ការវិវត្តន៍​របស់​កុមារ ។

​ទី​២.​បន្ត​វិនិយោគ​លើ​ការពង្រឹង​ពិពិធ​កម្ម​ស្បៀងអាហារ​តាមរយៈ​ការលើកកម្ពស់​ផលិតកម្ម​ស្បៀង​តាម​គ្រួសារ​អនា ម័យ និង ទឹកស្អាត​ការ បញ្ចូល​មីក្រូ​សារ ជាតិ​ចូលទៅក្នុង​ចំណីអាហារ និង ការពង្រឹង​ភាពម្ចាស់ការ​របស់​ស្ត្រី​ក្នុងការ​ដោះស្រាយ​ឲ្យ​សន្តិសុខ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ​ដែល​ផ្ដោតលើ​ការធ្វើ​ពិពិធ​កម្ម ដំណាំ​និង​គ្រាប់ពូជ​ដំណាំ​ដែលមាន​ភាពស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​សំបូរ​អាហារូបត្ថម្ភ​និង​បង្កើន​ផលិតកម្ម​បន្លែ​ផ្លែឈើ បក្សី និង​ត្រី សាច់ ប្រព័ន្ធ ស្បៀងអាហារ​និង​ការផ្លាស់ប្ដូរ​ឥរិយាបថ ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ សុវត្ថិភាព​ស្បៀង​និង​លើកកម្ពស់​គុណភាព​ស្បៀង​សម្រាប់​ជន រួម​ជាតិ​យើង​។​

​ទី​៣.​បន្ត​អន្តរាគមន៍​អាហារូបត្ថម្ភ​ក្នុង​បរិបទ​វិស័យ​សុខាភិបាល រួមមាន​ការផ្តល់​ប្រឹក្សា​យោបល់​ស្តីពី​អាហារូបត្ថម្ភ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង ក្រោយ​សំ រាល​និង​រក្សា​និរន្តរភាព​ទម្លាប់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឲ្យ​បានល្អ​បំផុត​សម្រាប់​កុមារ​កម្ពុ​ជារួម​មានកា​រ​ចាប់ផ្ដើម​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ក្នុង​ម៉ោង​ដំបូង​ក្រោយពី​សម្រាល​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​ក្នុងអំឡុង ៦ ខែ​ដំបូង​និង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឲ្យ​បានល្អ​ដល់​កុមារ អាយុ​យ៉ាងតិច​បំផុត​ពីរ​ឆ្នាំ​ឬ​លើស​។​

​ទី​៤.​បន្ត​ជំរុញ​និង​ធានា​អោយ​ទារក​និង​កុមារ​តូច​អាយុ​ក្រោម ៦ ដល់ ២៤ ខែ ទទួលបាន​អាហារូបត្ថម្ភ​សមស្រប​តាមរយៈ​ការផ្ដល់អោយ​ទារក​និង​កុមារ​នូវ អាហារ​ចម្រុះ​ក្នុង​បរិមាណ​សមស្រប​តាម​អាយុ​ប្រកបដោយ​សុវត្ថិភាព និង ងាយស្រួល​រកបាន ជាពិសេស​អាហារ​ដែលមាន​ប្រភពពី​សត្វ​និង​អាហារ​បំប៉ន បន្ថែម​ដែល​នាំមក​នូវ​សុខ​ភាពល្អ​។​

​ទី​៥. បន្ត​អនុវត្ត​កម្មវិធី​ប្តូរ​សាច់ប្រាក់​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ ការរៀបចំ​កិច្ច​អន្តរាគមន៍​ផ្សេងៗ​រួម​នឹង​យន្ត​ការសុំ សម្របសម្រួល​ពហុ​វិស័យ កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន ដោយមាន​ការចូលរួម​ពី​សហគម​ន៏​វិស័យ​ឯកជន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សំដៅ លើកកម្ពស់​អាហារូបត្ថម្ភ​នៅតាម​សហគមន៍ និង​សាលារៀន ។​

​ទី​៦.​បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​និង​ផ្សារភ្ជាប់​ការលើកកម្ពស់​អាហារូបត្ថម្ភ​និង​ក្នុង​ការផ្តល់សេវា​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ដល់​ប្រជាជន​ដើម្បី​សម្រេច ឲ្យ​បាន​ចក្ខុវិស័យ​របស់​វិស័យនេះ​ដែល​បាន​ចែងថា​នៅមុន​ដំណាច់ឆ្នាំ ២០២៥ ប្រជាជន​គ្រប់រូប​តាម​សហគមន៍​ជនបទ​មានលទ្ធភាព​ទទួលបាន​នូវ​សេវា ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​និង​រស់នៅក្នុង​បរិស្ថាន​អនាម័យ ។​

​ទី​៧.​បន្ត​វិនិយោគ​ទៅលើ​របកគំហើញ​និង​បច្ចេកវិជ្ជា​ថ្មីៗ​និង​ពង្រឹង​ការស្រាវជ្រាវ​ប្រមូល​វិភាគ​ចងក្រង​ផ្សព្វផ្សាយ​ទិន្នន័យ​និង​ប្រើប្រាស់​ទិន្នន័យ​ស្ដីពី​ការដាំដុះ និង​ទីផ្សារ​ផលិតផល​កសិកម្ម​និង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើងទៅ​ដល់​អ្នក​ធ្វើ​សេចក្តីសម្រេចចិត្ត​ការរៀប​ចំ​ផែនការ និង​យុទ្ធ សាស្ត្រ​ពាក់ព័ន្ធ​នានា​ដែល​ជួយ​អោយ​យើង​អាច​ពិនិត្យ​តាមដាន​ពី​វឌ្ឍនភាព​ដោយ​ប្រសិទ្ធភាព​និង​ការ​និង​ក្នុង​ការកំណត់​ពី​អភិក្រម​នៃ​ការអនុវត្ត​សមស្រប ។​

​ទី​៨.​បន្ត​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ តាមរយៈ​ការអនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ថ្មី ៗ​និង​ពង្រីក​កម្មវិធី​ដែលមាន ស្រាប់​និង​រៀបចំ​និង​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង​នឹង​អាហារូបត្ថម្ភ ២០១៩-២០២៣ សំដៅ​បង្កើន​ការ​គាំពារ​បន្ថែម​ដល់​ជនក្រីក្រ និង ជន ងាយ​រងគ្រោះ​ដែល​ជួបប្រទះ​បញ្ហា​អសន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​៕