សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​អាស៊ាន​និង​អង្គការសហ ប្រជាជាតិ​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​

179
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានស្នើ​ឲ្យ​អាស៊ាន​និង​អង្គការ​សហប្រជាជាតិ ​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ថែមទៀត​ក្នុងការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ ​តាមរយ​:​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ព័ត៌មាន​ជំនាញ​ចាំបាច់​ដែលមន្ត្រី​អង្គការសហប្រជាជាតិ​អាចធ្វើ​បានជា​មួយ​អាស៊ាន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​បែបនេះ​ទៅកាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​អង្គការសហប្រជាជាតិ​ លើក​ទី១០ ដែល​បាន​ប្រារព្ធ​ពិធី​បើក​កាលពីរ​សៀល​ថ្ងៃទី​០៣ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ ។​

​នៅក្នុង​សុន្ទរកថា​គន្លឹះ​ទៅកាន់​បណ្តា​មេដឹកនាំ​អាស៊ាន​និង​អង្គការសហប្រជាជាតិ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន បាន​មានប្រសាសន៍​ពាក់ព័ន្ធ​ទៅបញ្ហា​អំពើហិង្សា​ជ្រុលនិយម​និង​អំពើ​ភេរវកម្ម ។ ចំណុច​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​ក​ម្ពុជា​ស្នើ​អាស៊ាន​និង​អង្គការ​សហ​ប្រជាជាតិ​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ថែមទៀត​ក្នុងការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​តាមរយ​:​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ព័ត៌មាន​ជំនាញ​ចាំបាច់​ដែល​មន្ត្រីអង្គការ​សហប្រជាជាតិ​អាចធ្វើ​បានជា​មួយ​អាស៊ាន​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា ​កម្ពុជា​និង​ប្រទេស​អាស៊ាន​ទាំងអស់​នឹង​បន្តធ្វើ​កា​យ៉ាង​ជិតស្និទ្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​អង្គការ​សហប្រជាជាតិនិង​ទីភ្នាក់ងារ​នានា​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ជំរុញ​អនុវត្តកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ឱ្យបាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ប្រភពពី​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បានឱ្យដឹងថា​ ​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​អង្គការសហប្រជាជាតិ​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ចំពោះ​វឌ្ឍនភាព​ដ៏​ល្អប្រសើរ​ក្នុងការ​អនុវត្ត​ន៍ផែនការ​សកម្មភាព​អាស៊ាន​-​អង្គការសហប្រជាជាតិ២០១៦-២០២០ ក្នុង​ស្មារតី​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​អង្គការសហប្រជាជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត។មេដឹកនាំ​អាស៊ាន​-​អង្គការសហប្រជាជាតិ​បាន​ចាត់ទុកថា ​អាស៊ាននិង​អង្គការសហប្រជាជាតិ​ត្រូវតែ​បន្ត​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ​រួមទាំង​ពង្រឹង​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន​អាស៊ាន​និង​លេខាធិការដ្ឋា​ន​អង្គការសហប្រជាជាតិ​ដើម្បី​ពិនិត្យមើល​នូវ​ការអនុវត្ត​ន៍សកម្មភាព​បំពេញបន្ថែម​ទៅវិញទៅមក​ដែល​អាច​គាំទ្រ​ដល់​ការអនុវត្ត​ន៍ផែនការ​កសាង​សហគមន៍អាស៊ាន ២០២៥ និង របៀប​វារ​:​ឆ្នាំ២០៣០ របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ជាមួយគ្នានេះ​អាស៊ាននិង​អង្គការសហប្រជាជាតិ​គួរ​ខិតខំ​ជំរុញ​អនុវត្ត​ឱ្យបាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​សកម្មភាព​ស្តីពី​បរិស្ថាននិង​ការ​បម្រែបម្រួល​អាកាសធាតុ២០១៦-២០២០​។​

​មេដឹកនាំ​អាស៊ាននិងអង្គការសហប្រជាជាតិ​បាន​ឈានទៅ​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាននិង​អង្គការសហប្រជាជាតិលើក​ទី​១០និង​បានធ្វើការ​កត់សម្គាល់​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការបំពេញបន្ថែម​២០២០-២០២៥៕BR/Ha