សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុមហ៊ុន Minebea

1116
ចែករម្លែក

ដោយ : តារារិទ្ធិ / ភ្នំពេញ ៖ បន្ទាប់​បាន​អញ្ជើញ​ជួប​កូនក្មួយ​កម្មករ​រួចហើយ នៅព្រឹកថ្ងៃទី០១ ខែឧសភានេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឆ្លៀត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោក Yoshihisa Kainuma នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Minebea (Cambodia) នៅ​ក្រុមហ៊ុន Minebea ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ផ្ទាល់​តែម្តង​។​

ក្នុងជំនួបនេះ លោក កៃ​នុ​ម៉ា យូ​ស៊ី​ហ៊ី​សា អគ្គនាយក​ក្រុមហ៊ុន​មី​នេ​បៀ​បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អំពី​ការវិវឌ្ឍ​រីកចម្រើន​របស់​ក្រុមហ៊ុន មី​នេ​បៀ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម រយៈពេល​ខ្លី​នៅឯ​បរិវេណ​រោងចក្រ មី​នេ​បៀ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១ ខែ ឧសភា ក្នុង​ឳ​កាស​នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី ១៣២ ។​

បើ​យោងតាម​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​អគ្គនាយក​ក្រុមហ៊ុន​មី​នេ​បៀ និង​បុគ្គលិក​ទាំងអស់​ដែល​បានរៀបចំ​ឲ្យ​មាន​កម្មវិធី​កំសាន្ត​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​បាន​យ៉ាង​ល្អ ។ លោក កៃ​នុ​ម៉ា យូ​ស៊ី​ហ៊ី​សា ក៏បាន​អរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​បានផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​កំសាន្ត​សប្បាយ​ជាមួយ​កម្មករ កម្មការិនី នៃ​រោងចក្រ​មី​នេ​បៀ ដែល​នេះ​គឺជា​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​នឹង​ចងចាំ​ទុក​សម្រាប់​យើង និង កម្មការិនី​ទាំងអស់ ។

នៅក្នុង​ឳ​កាស​នោះ លោក កៃ​នុ​ម៉ា បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ក្រុមហ៊ុន​បាន​ខិតខំ​ដើម្បី​រួមចំណែក​នៅក្នុង​ការអភិវឌ្ឍ​កម្ពុជា និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​កម្ពុជា ។ លោក កៃ​នុ​ម៉ា បាន​រៀបរាប់​ពី​ការដែល​ក្រុមហ៊ុន​បានមក​វិនិយោគ​នៅ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ ២០១១ ហើយ​មាន​ដើមទុន​ដំបូង​ដាក់ជូន​រាជរដ្ឋាភិបាល​មាន​ចំនួន ២៣ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការវិនិយោគ​រយៈពេល ៥ ឆ្នាំ ។ ប៉ុន្តែ​ការវិនិយោគ​ជាក់ស្តែង​មកដល់ពេលនេះ​យើង​បានធ្វើការ​វិនិយោគ​មាន​ទឹកប្រាក់​រហូតដល់​ប្រហែល ១៧០ លាន​ដុល្លារ​អាមេរិក​ហើយ​។

​លោក កៃ​នុ​ម៉ា ក៏បាន​សម្ដែង​ការរីករាយ​ដោយសារ​ការគាំទ្រ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​លោក​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន​អគ្គិសនី ​ដើម្បី​ផលិត​អគ្គិសនី​តង់ស្យុង​ខ្ពស់​១១៥kw​ដែល ធ្វើឲ្យ​តំលៃ​អគ្គិសនី​មានការ​ធ្លាក់ចុះ​ទាប​ធ្វើអោយ​ក្រុមហ៊ុន​មានលទ្ធភាព​ធ្វើការ​ប្រកួតប្រជែង​បាន ។ លោក កៃ​នុ​ម៉ា ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​លោក​បានរួម​ចំណែក​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ក៏ដូចជា​ទីក្រុង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​ទៅជា ទីក្រុង smart city ដែលមាន​គោលដៅ​ធ្វើ​ឲ្យ​អគ្គិសនី​មានតម្លៃ​ទាប ។ ជាមួយគ្នានេះ​លោក​បាន​គោរព​អញ្ជើញសម្ដេច​តែ​ជោ​នាយករដ្ឋមន្ត្រី​ទៅ​ទស្សនា​គម្រោង smart city ដែល​លោក​បាន​បំពាក់​នៅ​កោះ​ពេជ្រ​រួចមកហើយ​។ វា​បាន​កាត់បន្ថយ​ការចំណាយ​ទៅលើ​អ​គី្គ​ស​នី ៩0 ភាគរយ​ដោយសារ​ថា​អគ្គិសនី​ដែល​បាន​បំពាក់​នេះ មិន​ឆេះ​ចោល​ទេ នៅពេលណា​អត់​មាន​មនុ​ស្សគឺ​វា​ស្រទុំៗ នៅពេល​ដែលមាន​មនុស្ស​ដើរ​ទើប​វា​ឆេះ​ភ្លឺ ។

លោក កៃ​នុ​ម៉ា បាន​សុំ​ឲ្យ​សម្តេច​ជួយ​គាំទ្រ​គម្រោង smart city របស់លោក ។ លោក កៃ​នុ​ម៉ា ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​អំពី​ជោគជ័យ​របស់​ក្រុមហ៊ុន​មី​នេ​បៀ គឺ​វា​កើតឡើង​ដោយសារ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គឺ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង ការខិតខំ​របស់​កម្ម​ករ និយោជិត ទាំងអស់ បានធ្វើ​ឲ្យ​យើង​មាន​ទំនុកចិត្ត ក្នុងការ​បន្ថែម​ទុនវិនិយោគ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ការភ័យខ្លាច ។ លោក កៃ​នុ​ម៉ា បាន​សន្យាថា​នឹង​ខិតខំ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ការខិតខំ​បន្ថែម​ទុនវិនិយោគ​ពង្រីក​រោងចក្រ និង​បង្កើន​ការងារ​កាន់តែច្រើន​ថែមទៀត ។​

ជាមួយគ្នានេះ សម្ដេច​តេ​ជោ​បាន​ថ្លែង​អរគុណ​ចំពោះ​លោក​អគ្គនាយក​ក្រុមហ៊ុន​មី​នេ​បៀ ដែល​បាន​រៀបរាប់​ពី​ប្រតិបត្តិការ​របស់​រោងចក្រ​របស់ខ្លួន​។ សម្ដេច​បាន​បញ្ជាក់ថា​រោងចក្រ​នេះ​ប្រៀប​ដូច​កូន​ដែល​សម្តេច​ជា​អ្នកបង្កើត ។ ដូច្នេះ​ត្រូវតែ​ថែទាំ​វា​អោយបាន​ល្អ ។ ឥឡូវនេះ​កូន​នេះ​បានចាប់ផ្ដើម​ពី ២៣ លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​កឡើ​ង​ជិត ២០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​គឺជា​ដំណើរ​រីកចម្រើន​មួយ​។ សម្តេច​តេ​ជោ​ក៏បាន​លើកឡើង​ផងដែរ​ថា​ការរីកចំរើន​របស់​ក្រុមហ៊ុន មី​នេ​បៀ ក៏​ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥- ២០២៥ ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ថា ស​ម្តេច​ពិតជា​ចង់ឲ្យ​មាននៅ​រោងចក្រ​របៀប​ដូច​មី​នេ​បៀ​នេះ​មាន​ច្រើន​ថែមទៀត​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​មី​នេ​បៀ ​ក្នុង​ការជួយ​ក្នុង​វិស័យ​អគ្គិសនី​ជាពិសេស​គម្រោង​អភិវឌ្ឍន៍​នូវ smart city ។ សម្ដេច​បាន​ចាត់ទុកថា​ជោគជ័យ​របស់​មី​នេ​បៀ​គឺ​ដោយសារតែ​ការ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ទស្សនៈវិស័យ​ដែល​សម្តេច​បានលើកឡើង​ពីដំបូង​ជាមួយ​លោក កៃ​នុ​ម៉ា ថា​  សម្តេច​ធ្លាប់​បានលើកឡើង​ហើយ​ថា​សម្រាប់​កម្ពុជា «​ត្រី​ធំ​ក៏ដោយ ត្រី​តូច​ក៏ដោយ ត្រី​ណា​មកដល់​មុន គឺ​ចាប់​ស្ងោរ​ទាំងអស់​» ព្រោះ​ឆ្នាំង​ខ្ញុំ​វាទ​ទេ​។ បើ​អញ្ចឹង​មិនចាំបាច់​ថា អានេះ​ធំ ឬ​អានោះ​តូច​ទេ អ្នកណា​មាន​ឆន្ទៈ អ្នកនោះ​មកដល់​មុន គឺ​ខ្ញុំ​ប្រគល់អោយ​គេ​ធ្វើ​មុន​ហើយ​។ នេះ​ជា​វិធីសាស្ត្រ​របស់ ហ៊ុន សែន តាំងពីដើម​រហូតមក ត្រី​ធំ​ក៏ដោយ ត្រី​តូច​ក៏ដោយ ត្រី​ណា​មកដល់​មុន​គឺ​ចាប់​វា​ស៊ី​មុន​ទៅ​កុំ​ចាំ​អា​ត្រី​ធំ​ចុះបើ​អា​ត្រី​ធំ​វា​អត់​មក ឆ្នាំង​យើង​វា​មិន​អត់ ។​

​បើតាម​លោក​ស្រ៊ី ថាមរុង្គ កាលពី​ក្រុមហ៊ុន​មី​នេ​បៀ​ដ៏​តូច​នេះ​ចាប់ផ្ដើម​មក​វិនិយោគ​ពេលនោះ​ក៏មាន​ក្រុមហ៊ុន​ធំៗ​មក​បញ្ចុះបញ្ចូល​សម្តេច​ដើម្បី​ធ្វើការ​វិនិយោគ​លើ​ផ្នែក​នេះដែរ ។ តែ​សម្ដេច​តេ​ជោ​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មី​នេ​បៀ​ដែល​មក​មុន​រួចទៅហើយ នេះ​គឺជា​សច្ចភាព​ដែល​ផ្តល់នូវ​ជំនឿ​ទុកចិត្ត សម្រាប់​ការវិនិយោគ​៕​B