សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាង សង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ តម្លៃ​ជិត​៣០០​លាន​ដុល្លារ​

102

ដោយ:តារារិទ្ធិ/​ភ្នំពេញ ​៖ ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ប្រវែង​ជិត៥៣​គីឡូម៉ែត្រ ឆ្លងកាត់​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​ដែល​គ្រោ ង​ថវិកា​សាងសង់​ជិត៣០០​លាន​ដុល្លារ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៤​ ខែមករា ឆ្នាំ​២០១៩ នេះ​។

​ពិធីបើកការដ្ឋាន​ផ្លូវរ​ដឹកជញ្ជូន​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​លោក​វ៉ាង វិ​ន​ធៀន​(Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤ -​ផ្លូវជាតិ​លេខ​១) ស្ថិត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ប្រវែង​សរុប​ជិត ៥៣​គីឡូ ម៉ែត្រ ក្នុងនោះ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង ១៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត កណ្តាល​ប្រវែង​ជិត ៣៨​គីឡូម៉ែត្រ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវជាតិ​លេខ​១​។​

​ផ្លួ​វ​នេះ​មាន​ទំហំ​ទទឹងផ្លូវ​រហូតដល់​ទៅ ២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ២៥​ម៉ែត្រ​។ ផ្លូវ​នេះ​នឹងមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​។​

​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ នឹងមាន​សាងសង់​ស្ពាន​អាកាស​ឆ្លងកាត់​ចំនួន ០៤​កន្លែង (​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ លេខ​៣ លេខ​២ និង​លេខ​២១) ប្រវែង​សរុប១.០០០​ម៉ែត្រ​។ សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់២​កន្លែង ត្រង់​កោះអន្លង់ចិន ប្រវែង​សរុប៩៩៦​ម៉ែត្រ (​ក្នុងនោះ​ស្ពាន​បាសាក់​ខាងកើត​ប្រវែង ៦៣០​ម៉ែត្រ​និង​ស្ពាន​បាសាក់​ខាងលិច ប្រវែង​៣៦៦ ម៉ែត្រ​)​។ ​សាងសង់​ស្ពាន​មធ្យម​និង​ខ្លី​ចំនួន៦​កន្លែង និង​លូ​គ្រប់​ប្រភេទ ១១៣​កន្លែង ។​

គម្រោង​ផ្លូវ​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ២៧៣លាន​ដុល្លារ ​ដែលជាជំនួយ​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋា​ភិបាល​ចិន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​ថវិកា​ប​ដិ ភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ការបោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ពន្ធ និង​សួយសារអាករ​។​

​ផ្លូវ​មួយ​ខ្សែ​នេះ សាងសង់​ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ក៏​ត​ភ្ជាប់​ផងដែរ​ទៅនឹង​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ និង​ភ្ជាប់​ទៅនឹង​ស្ពាន​ឈ្នះ​ឈ្នះ​និង មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ដែល​នឹង​ប្រែក្លាយ​ទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ​និង​ទំនើប​មួយ បម្រើឱ្យ​ជា​ផ្លូវ​ដឹកជញ្ជូន​វាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លុ​វ​ជាតិ​លេខ​២១ ឆ្លងកាត់​ទន្លេបាសាក់ ព្រមទាំង​កោះអន្លង់ចិន និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​១ ពិសេស ត​ភ្ជាប់​ទៅ​ចំណត​ផែ​កុង​តេ​ន័​រ​ថ្មី​របស់​កំពង​ផែ​ស្វ័យ​ត​ភ្នំពេញ នៅ​ស្រុក​កៀនស្វាយ ក៏ដូចជា ការបំពេញ​ឲ្យការតភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ (AH1 និង​AH11) និង​ផ្លូវ​របៀង​សំខាន់ៗ (​របៀង​កណ្តាល និង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​) របស់​មហា​អនុតំបន់​មេគង្គ​។

​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ គឺ​ផ្លូវ​ដ៏​សំខាន់​មួយ​ជួយ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​ដែល​ធ្លាប់មាន​កន្លងមក និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ចរាចរណ៍​ក្នុង​រាជធានី​បន្ថែមទៀត​។ លើសពីនេះ​ទៀត​ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​មហា​អនុតំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ភស្តុភា​រកម្ម​តំបន់ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​បូរី​លំនៅដ្ឋាន តំបន់​ភស្តុភា​រកម្ម និង​ឧស្សាហកម្ម ដ៏​មាន​សក្តានុពល និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ។​

B​សូមបញ្ជាក់​បច្ចុប្បន្ន​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ របស់​កម្ពុជា​កំពុងដំណើរការ​សាងសង់​ជិត​នឹង​បញ្ចប់​ផងដែរ​។ ផ្លូវ​ក្រវាត់ក្រុង​ទី​២ ត​ភ្ជាប់​ពី​ផ្លូវ​មិត្តភាព​កម្ពុជា​-​វៀតណាម ត​ភ្ជាប់​តាម​បណ្តោយ​ផ្លូវ​ណ័​ដ​ប្រ៊ី​ដ ផ្លូវ​ទ្រុងមាន់ ផ្លូវ​ភូមិ​ទួល​ពង្រ ផ្លូវ​ទំនប់ ៧​មករា ផ្លូវ ៦០​ម៉ែត្រ ហៅ​មហាវិថី​តេ​ជោ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​២ ត្រង់​គីឡូម៉ែត្រ​លេខ ១៤+៤១៧ ចំណុច​គល់ស្ពាន​ព្រែក​ហូរ​ផ្នែក​ខាងជើង នៅត្រង់​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១១៥ និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ក្រុង​តាខ្មៅ​៕​B/