សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​សំណង់​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤

318
ចែករម្លែក
  • 40
    Shares

ដោយ:វិបុល-តារារិទ្ធិ/​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​។​

បើតាមការឲ្យដឹងពី ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានបញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ៣៦​លាន​ដុល្លា​អាមេរិក ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​រដ្ឋាភិបាល​ជប៉ុន​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​នេះ​រួមមាន​ ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​, ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង ៤.៤​គីឡូម៉ែត្រ​, សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC, ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន ២​គ្រឿង​។​

​បើតាម​លោក ឃួ​ង ស្រេង គម្រោង​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ ប្រើ​រយៈពេល​ប្រមាណ​ជា៣៦​ខែ ដោយ​ចាប់ផ្តើម​គម្រោង​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១​៕B/