សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ ជាង ៣​ពាន់​នាក់​

475
ចែករម្លែក
  • 43
    Shares

ដោយ:តារារិទ្ធិ/​ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ ចំនួន ៣.២១៣​នាក់​នារី​២.៧០៤​នាក់ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​។​

​លោក​បណ្ឌិត ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា បាន​ឲ្យ​ដឹងថា ​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ង​នេះ​រួមមាន​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់។ ក្នុងចំណោម​និស្សិត​ទាំងនេះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ចំនួន ៣០​នាក់ នារី ២២​នាក់​ផងដែរ​។​

​លោក ហេង វ៉ាន់ដា បាន​គូសបញ្ជាក់ថា ​តាម​ការ​សិក្សា​ និស្សិត​ដែល​បញ្ចប់​ការសិក្សា​នេះ​អ្នក​មានការងារ​ធ្វើ​ចំនួន​២.៨៥៩​នាក់ ស្មើនឹង ៨៨,៩៨​ភាគ រយ​។​

​បើតាម​លោក ហេង វ៉ាន់ដា នៅក្នុង​ឆ្នាំ​សិក្សា​ឆ្នាំ ២០១៨-២០១៩​នេះ វិទ្យាស្ថាន​របស់លោក​មា​ន​និស្សិត​កំពុង​សិក្សា​៨.៤៩១​នាក់​នារី ៧.៣៧១ នាក់​។ ក្នុងនោះ​បើ​គិត​ចាប់តាំងពី​ឆ្នាំ​សិក្សា ២០០១-២០០២ ដល់​ឆ្នាំ​សិក្សា​២០១៧ -២០១៨​កន្លងមកនេះ និស្សិត​បានបញ្ចប់​ការ សិក្សា​ដោយ​គិត​ទាំង​និស្សិត​ជយលាភី​នាពេលនេះ​ផង​មាន​ចំនួន​សរុប ២៨.៧៥៨​នាក់ នារី ២៣.៦៥៣​នាក់​។​

​លោក ហេង វ៉ាន់ដា បានឱ្យដឹង​ផងដែរ​ថា វិទ្យាស្ថាន​បានធ្វើ​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​របស់ខ្លួន​ចំនួន​១៣​លើក​រួចមកហើយ​។ លោកនាយក​វិទ្យាស្ថាន បានឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០០១-២០០២ ដល់​ឆ្នាំ​សិក្សា​២០១៨-២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្នុង​វិទ្យាស្ថាន​ចំនួន៥៧៤​នាក់​។​

​វិទ្យាស្ថាន​វ៉ាន់ដា គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​មួយ ដែល​បាន​បង្កើតឡើង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០០១​។ បច្ចុប្បន្ន​វិទ្យាស្ថាន​នេះ មាន​ទីតាំង​ចំនួន​៤​កន្លែង​កំពុងដំណើរការ ក្នុងនោះ ២​កន្លែង​ស្ថិតនៅ​រាជធានី​ភ្នំពេញ​, ១​កន្លែង​ស្ថិតនៅ​ខេត្តសៀមរាប និង​១​កន្លែង​ទៀត ស្ថិតនៅ​ខេត្តបាត់ដំបង​។​

​ឈរលើ​មូលដ្ឋាន​ពង្រឹង​និរន្តរ​ភាព ប្រសិទ្ធភាព និង​ការផ្តល់សេវា​អប់រំ ប្រកបដោយ​គុណភាព​ខ្ពស់​នោះ វិទ្យាស្ថាន​វ៉ាន់ដា បាន​អនុវត្តន៍និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការបន្ត​ពង្រឹងគុណភាព​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង​, ពង្រឹងគុណភាព​សាស្ត្រាចារ្យ ពង្រឹង​វិន័យ​របស់​និស្សិត​ក្នុង​គោលបំណង​អនុវត្ត​ន៍ឱ្យបាន​ល្អប្រសើរ ស្របតាម​កម្រិត​បទដ្ឋាន​នៃ​ការបណ្តុះបណ្តាល និង​ទីផ្សារការងារ​បច្ចុប្បន្ន​។​

​ក្រៅពីនេះ​ជាមួយ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដែលមាន​ស្រាប់ វិទ្យាស្ថាន​ក៏បាន​រៀបចំ​ពង្រីក​ទីតាំង​បន្ថែមទៀត ពិសេស​អគារសិក្សា បណ្ណាល័យ អ៊ិ​ន​ធឺណិត ដោយ​បំពាក់​សម្ភារ​ឧបទេស​សិក្សា​ទំនើបៗ សម្រាប់​អ្នកសិក្សា​ទូទៅ ដើម្បី​ពង្រឹង​ការទំនាក់ទំនង​ឱ្យបាន​ល្អ ជាមួយ​វិស័យ​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ​ជាច្រើន ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​, គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​, សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​, អាជ្ញាធរ​សវនកម្ម​ជាតិ​, គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​, អគ្គនាយកដ្ឋាន​ពន្ធដា​រ​, ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​, វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា​, សមាគម​គណនេយ្យករ​ចក្រ​ភព​អង់គ្លេស និង​សាកលវិទ្យាល័យ​មួយចំនួនទៀត​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​ចិន​៕​B/Ha