សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន ជ្រោយចង្វារ ក្រោយ​ជួសជុល​រួចរាល់​

278
ចែករម្លែក
  • 39
    Shares

ដោយ:តារារិទ្ធិ/​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ហ៊ីដេ​ហ៊ីសា ហូ​រី​ណូ​ជី (Hidehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​កាត់​ខ្សែបូ​រួមគ្នា​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​) បន្ទាប់ពី​បាន​ជួសជុល​កែលំអរួចរាល់​។​

​ស្ពាន​ជ្រោយចង្វារ គឺជា​ស្ពាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការតភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្លងកាត់​លើ​ទន្លេសាប ដែល​ត្រូវបាន​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ តាមរយៈ​ជំនួយឥតសំណង​របស់​រដ្ឋា​ភិបាលជ​ប៉ុន​។​ស្ពាន​នេះ​មាន​ប្រវែង ៩៧១​ម៉ែត្រ ទទឹង ១៣.៨ ម៉ែត្រ ។​ស្ពាន​នេះ​ត្រូវបាន​ក្រុមខ្មែរក្រហម​ដែល​ហៅថា​កងទ័ព​រំដោះ​ដាក់​គ្រាប់​មីន​ផ្តាច់​ក្នុងអំឡុង ឆ្នាំ ១៩៧២ នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ។ ស្ពាន​ជ្រោយ​ចង្វារ​ត្រូវបាន​ជួសជុល និង​ត​ភ្ជាប់​ឡើងវិញក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ឆ្នាំ ១៩៩២ និង​បានដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ ១៩៩៥ ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព កម្ពុជា​- ជប៉ុន ។ ប៉ុន្តែ​ដោយ​ស្ថានភាព​ស្ពាន​មាន​ភាពទ្រុឌទ្រោម​ នៅ​ចុងឆ្នាំ ២០១៧ ស្ពាន​នេះ​តម្រូវឱ្យមាន​ការជួសជុល​ឡើងវិញ​ជាបន្ទាន់ ដោយ​ជំនួយ​របស់​ប្រទេស​ជប៉ុន​ជាថ្មី​ម្តងទៀត ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ ។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា ការជួសជុល​ស្ពាន​នេះ គឺមាន​គុណភាព​រឹងមាំ​ល្អប្រសើរ ​ក្រោម​ការយក​ចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​របស់​ជប៉ុន និង​កម្ពុជា ​ដែល​អាច​ប្រើ​បាន​រយៈពេល ៥០​ឆ្នាំ​ទៅមុខ​បន្ថែមទៀត​។

នៅលើ​ស្ពាន​ជ្រោយចង្វារ​ដែល​ទើប​ជួសជុល​រួចរាល់​នេះ ក៏មាន​គូររូប​ម៉ូតូ​សម្រាប់​ផ្លូវ​ម៉ូតូ និង​គូររូប​មនុស្ស​ដើរ​លើ​គន្លង​ផ្លូវ​ថ្មើរជើង​ផងដែរ៕​B/Ha