សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦

676
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ​: ​សៀមរាប​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្តសៀមរាប​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍​និង​អ្នកបម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកតាក់តែង​គោ​លន​យោបាយ នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប ។​

​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​។

​សន្និសីទ​ដែល​នឹង​ជជែក​ពិភាក្សា​ទៅ​លើបញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន​និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម ។​

​សន្និសីទ​នេះ​មាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរ​ជាតិប្រមាណ​៥០០​នាក់ មកពី​បណ្ដាប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​លើ​ពិភពលោក​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានចាត់ទុកជា​ព្រឹត្តិការណ៍​នៃ​ការផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ឈានមុខ​គេ ដោយផ្តល់​ឱកាស ដល់​អ្នក​ផ្សាយ អ្នកអនុវត្តន៍ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកដឹកនាំ​ឧស្សាហកម្ម អ្នកសិក្សា​ស្រាវជ្រាវ អ្នកជំនាញ និង​អ្នកបង្កើត​គោលនយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក បាន​ជួបនិង​ពិភាក្សា​អំពី​របៀបអភិវឌ្ឍន៍ គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងកំឡុងពេលនៃ​ការប្រកួតប្រជែង ដ៏​ខ្លាំងក្លា​បដិវត្តន៍បច្ចេកវិទ្យា​ជំនា​ន់ទី​៤​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានលើកឡើង​ផងដែរ​ថា ការដែល​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​សន្និសីទ​កំពូល​លើ​វិស័យ​ព័ត៌មាន​នេះ គឺជា​កិត្តិយស និង​សេចក្តី​រីករាយ​ដ៏អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា​និយាយ​ជារួម និង​សម្រាប់​ក្រសួង​ព័ត៌មាន​និយាយ​ដោយឡែក​៕ ល​/Ha