សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចាកចេញ​ពី​ទឹកដី​កម្ពុជា​ហើយ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី

1386
ចែករម្លែក
ដំណើរចាកចេញរបស់សម្ដេចតេជោ-ហ៊ុន-សែន-ពីកម្ពុជាទៅប្រទេសអូស្រ្ដាលី

ដោយ ៖ វិបុល / (​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី តប​តាម​ការអញ្ជើញ​របស់លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​។

​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយ​លោក ប៉េ​ហាំង ដា​តូ លីម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកស្រី ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។​

​ក្រៅពី​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន និង​អូស្ត្រាលី សម្ដេច​ក៏​នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា​ជាមួយ​និស្សិត​អូស្ត្រាលី ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​។​

​ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក ការងារ​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អញ្ជើញ​ទៅ​ទស្សនា​វិមាន​អូ​ប៉េ​រ៉ា​ស៊ីដនី ទទួល​ជួប​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា និង​អតីត​និស្សិត​អូស្ត្រាលី​ផងដែរ​៕