សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់ «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣»

153
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ផ្សព្វផ្សាយ និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣»​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣» ត្រូវបាន​រៀបចំឡើង​បន្ត​ពី «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨» ដែល​ត្រូវបាន​ចប់​អាណត្តិ​កាលនា​ចុងឆ្នាំ​២០១៨ ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​កន្លងទៅ​។

«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩- ២០២៣» ដែលជា​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​លើក​ទី​៦ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ដែល​បានកើត​មានឡើង​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រៀបចំ​របស់​ក្រសួង ​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយមាន​ការចូល​រួមសហកា​រ​និង​ផ្ដល់​អនុសាសន៍​ពី​ដៃគូ​អភិវ​ឌ្ឍន៍ និង​ភាគី​ដែលមាន​ចំណែក​ពាក់ព័ន្ធ​ទាំងអស់​តាមរយៈ​សិក្ខាសាលា ​ក៏ដូចជា​អង្គប្រជុំ​នានា​ជាច្រើន លើក​ច្រើនសានាពេល​កន្លងមក​។

«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩- ២០២៣» មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​ន៍គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០ និង​ចក្ខុវិស័យ​កម្ពុជា​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​២០៥០ ជា​ប្រទេស​អភិវឌ្ឍន៍​៕ល​/Ha