សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ «​ថៃ​ប៊ុន​រ៉ុង​» តម្លៃ​១១០​លាន​ដុល្លារ​នៅ​ខេត្តកំពត

758
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ/កំពត​ ៖ រោងចក្រ​ផលិត​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង តម្លៃ​ប្រមាណ ១១០​លាន​ដុល្លារ​អាម៉េរិក ​ត្រូវបាន​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​

​នេះជា​រោងចក្រ​ផលិត​ស៊ីម៉ង​ត៍ទី​៥​នៅ​កម្ពុជា​ដែល​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ជា​របស់​ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទង់ ខេត្តកំពត ។ រោងចក្រ​ស៊ីម៉ងត៍ថៃ​ប៊ុន​រ៉ុង សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត ៧០០ ហិកតា បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំនើប ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ ២៥០០​តោន​ក្នុង​មួយថ្ងៃ ស្មើនឹង​ជិត ១​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​វត្តមាន​រោងចក្រ​ស៊ីម៉ងិ៍ថៃ​ប៊ុន​រ៉ុង បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើ​កម្ពស់​សេដ្ឋកិច្ចជាតិ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ រោងចក្រ​នេះ អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍​ដល់​បុគ្គលិក​ប្រមាណ ៣៣៥​នាក់ ក្នុងនោះ​មាន​ជនជាតិ​បរទេស​ប្រមាណ ៣៥​នាក់​។ ក្រៅពី​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បានជា​ច្រើន​នាក់​ហើយ​នោះ ក្រុមហ៊ុន​ត្រូវ​បង់ថ្លៃ​សួ​សារ​ថ្មកំបោរ​ចូល​រដ្ឋ​ប្រមាណ ៦៨​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​មិនទាន់​គិត​ប្រាក់ចំណូល​ពន្ធអាករ និង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​នោះឡើយ​។​

បច្ចុប្បន្ន​ក​ម្ពុជាមាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៥ ​អាច​ផលិត​ស៊ីម៉​ងត៍​បាន​ជិត ៨​លាន​តោន​ក្នុង​មួយឆ្នាំ​។ រោងចក្រ​ទាំង​៥​នេះ រួមមាន​៖

១៖ រោងចក្រ ស៊ីម៉​ងត៍​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

២៖ រោងចក្រ​ស៊ីម៉ង​ត៍ក​ម្ពុ​ជា ចក្រី​ទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១​លាន​តោន​ក្នុង​មួយឆ្នាំ​។​

៣៖ រោងចក្រ​ស៊ីម៉ងត៍ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​ស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

៤៖ រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត មាន​ទីតាំង​ស្ថិតនៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​សមត្ថភាព​ផលិត​ស៊ីម៉​ត៍បាន​ជិត ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

៥៖ រោងចក្រ​ស៊ីម៉ងត៍ថៃ​ប៊ុន​រ៉ុង ស្ថិតនៅ​ស្រុក​ដង​ទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ជិត ១​លាន​តោន​ក្នុង​មួយឆ្នាំ​៕​B/Ha