សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​ប្រតិភូ​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​

346

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ហើយដោយ​សុខ​សុ​វត្តិភាព បន្ទាប់ពី​បានធ្វើ​ដំណើរ ពី​តំបន់​ព្រំដែន​នៃ​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះទៅកាន់​ទឹកដី​នៃ​ប្រទេស​វៀតណាម ក្នុងឱកាស​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ក្នុង​ដំណើរ​រំលឹក​នៃ​ការចងចាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ក្រុម​ប្រតិភូ​ទៅកាន់​ទីតាំង​សំខាន់ៗ​ចំនួន​០៧​ទាំង​ក្នុង​ទឹកដី​កម្ពុជា និង​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម​ដែល​សម្តេច​តេ​ជោ​ធ្លាប់មាន​អនុស្សាវរីយ៍​ដ៏​ជូ​ចត់​បំផុត​ក្នុង​ការតស៊ូ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​តាម​ទីតាំង​នីមួយៗ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​មានប្រសាសន៍​រៀបរាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិ​សា​សាស្ត្រ​នោះ ប្រាប់​ដល់​អង្គទូត ក្រុម​ប្រតិភូ និង​អ្នកសារព័ត៌មាន ឱ្យ​បានដឹង​ព្រឹត្តិការណ៍​នីមួយៗ​ផងដែរ​។​

​សម្ដេច​បានធ្វើ​ដំណើរ​ច​ម្ងា​ច ៣,៤​គីឡូ​ម៉េ​ត្រ ពី​ចំណុច​ប្រវត្តិសាស្ត្រ​ទី ៤ និង​ទី​៥ សម្តេច​តេ​ជោ​ដើម្បី​ទៅដល់​សារមន្ទី​អនុស្សាវរីយ៍​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម​។​

​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​ផ្ទាំងសិលា​ចារិក​និង​ដាំ​ដើមឈើ​ទុកជា​អនុស្សា​វី​យ៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​វៀ​ត​ណា​ម ក្នុង​បរិយាកាស​រីករាយ​។​

​ក្នុងនោះដែរ សម្តេច​តេ​ជោ​បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មាភិបាល​ប្រជាជន សាក្សី​ដឹងលឺ​ប្រវត្តិសាស្ត្រ​និង​អតីតយុទ្ធជន​ប្រចាំការ​នៅ​សារមន្ទីរ​អនុស្សាវរីយ៍​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​និង​បាន​អញ្ជើញពិសារ​អាហារ​ថ្ងៃត្រង់​នៅទីនេះ ក្នុង​បរិយាកាស​ស្និទ្ធស្នាល​ក្រៃលែង​៕

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ

​នៅ​សារមន្ទី​អនុស្សាវរីយ៍​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម សម្តេច តេ​ជោ ក៏បាន​អញ្ជើញ​ដាំ​ដើមឈើ​ទុកជា​អនុស្សា​វី​យ៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​វៀ​ត​ណា​ម​