ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន អនុញ្ញាតអោយ លោកសាស្ត្រាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកចូល ជួបសម្ដែងការគួរ សម និងពិភាក្សាការងារនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ក្នុងជំនួបពិភាក្សាគ្នានោះលោកសាស្ត្រាចារ្យ ក្លោស៍ ស្វាប់ បានមានប្រសាសន៍ស្វាគមន៍ជូនចំពោះសម្តេចតេជោហ៊ុន សែនដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅទីក្រុងហាណូយប្រទេសវៀតណាម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាមព្រមទាំងបាន ធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះសម្តេចតេជោបានស្នើសុំឲ្យលោកនាយកធ្វើការចែកចាយនូវឯកសារដ៏មាន សារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល ។
លោកសាស្ត្រាចារ្យសង្ឃឹមថាសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេស ស្វីសដែលទាក់ទិនទៅនឹងវិស័យកសិកម្មដែលកម្ពុជាកំពុងមានសក្តានុពល ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជា ប្រទេសនានាក្នុងតំបន់កំពុងមានការចាប់អារម្មណ៍និងមានការយកចិត្តទុកដាក់ដូចគ្នា៕