សម្តេច​តេ​ជោ ហ៊ុន សែន អះអាង​ពី​ការប្រកាន់​ជំហរ​នយោបាយ​ចិន​តែមួយ​,ចិន​គាំទ្រ​នូវ​ផ្លូវ​ដ៏​សមស្រប ដែល​កម្ពុជា​កំពុង​ដើរ​នេះ

240

(​ភ្នំពេញ)​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បង្ហាញ អំពី​ជំហរ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​គោ​លន​យោ​បា​ចិន​តែមួយ ដែល​បាន​ប្រកាន់ខ្ជាប់ តាំងពីដើម​រៀងមក​។ សម្តេច​បាន​បន្តថា ប្រសិនជា​កម្ពុជា មិន​ប្រកាន់​ជំហរ​នយោបាយ​ចិន​តែមួយ​ទេ គឺ​ប្រៀបបាន​កម្ពុជា ប្រើ​នូវ​នយោបាយ​ចាប់ដៃ​ជាន់​ជើង​។ តែ​កម្ពុជា នៅតែ​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន ។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នៅពេល​សម្តេច បានអនុញ្ញាត​ឲ្យ​លោក កៅ ជៀន មីង (Cao Jianming) អគ្គ​រដ្ឋអាជ្ញា​មហាអយ្យការ​ប្រជាជន​កំពូល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី ២២ ខែវិច្ឆិកា នេះ​។​

​សម្តេច​តេ​ជោ ក៏បាន​ជំរាបជូន​ភ្ញៀវ​ពី​ភាព​រីកចំរើន​របស់​ក​ម្ពុ​ជា ខាង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​។ សម្តេច​ក៏បាន​ជំរាបជូន​ប្រតិភូ​ថា នៅ​សប្តាហ៍​ក្រោយនេះ​សម្តេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ គណបក្សនយោបាយ​ពិភពលោក នៅ​ទីក្រុង​ប៉េកាំង ផងដែរ ។​

​លោក កៅ ជៀន​មីង នៅក្នុង​ជំនួប​នេះ បាន​ជំរាបជូន​សម្តេច​ថា កាលពី​១០​ឆ្នាំមុន ធ្លាប់​បានមកប្រទេស​កម្ពុជាម្តង​រួចមកហើយ ហើយ​ទស្សនកិច្ចនៅពេលនេះ ដើម្បី​មក​ពិនិត្យមើល លើ​អ្វីដែល​ភាគី​អយ្យការ​អម​តុលាការ​កំពូលនៃ​ប្រទេស​ទាំងពីរ កម្ពុជា​និង​ចិន មាន​កិច្ចសហការ​ជាមួយគ្នា ជាពិសេស​លើ​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការជួញដូរ​គ្រឿង​ញឿ​ន និង​ជួញដូរ​មនុស្ស​ជាដើម​។

​លោក​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​ន៍យ៉ាងច្រើន និង​មានកិច្ចសហប្រតិបត្តិការ​ជាច្រើន រវាង​ប្រទេស​ទាំងពីរ ចិន កម្ពុជា ជាពិសេស​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​។​ ​

​ក្រៅពី​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លោក​បញ្ជាក់ថា ចិន​គាំទ្រ​នូវ​ផ្លូវ​ដ៏​សមស្រប ដែល​កម្ពុជា​កំពុង​ដើរ​នេះ ជាពិសេស​គាំទ្រ​កម្ពុជា គឺ​ធ្វើ​ម៉េច​ឱ្យ​កម្ពុជា នៅតែ​រក្សាបាន​នូវ​អធិបតេយ្យភាព ឯករាជ្យភាព វិបុលភាព និង ការអភិវឌ្ឍន៍ ។

លោក​ក៏បាន​ជម្រាបជូន​សម្តេច អំពី​ការ​សង្ឃឹមថា កិច្ចសហការ​ខាង​វិស័យ​អយ្យការ​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ផ្នែក​សន្តិសុខ​សង្គម និង​យុត្តិធម៌ សម្រាប់​ប្រជាជន​៕ដោយ​៖​តារា​រិ​ទ្ធ​/sn