សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​វិ​ញ្ញាប​នប​ត្រ​និង​សញ្ញាបត្រ​ជូន​សិស្ស​និស្សិត​ជិត២​ពាន់​នាក់ ​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​

338
ចែករម្លែក

ដោយ:តារារិទ្ធិ/ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប ១៧០៩​នាក់ ក្នុងនោះ​មាន​នារី ៦៧៦​នាក់​។​

​លោក ណុប នរិន្ទ នាយក​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី បាន​ឲ្យ​ដឹងថា ក្នុងចំណោម​និស្សិត​ជ័យលាភី​ត្រូវ​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ១៤៤ នាក់​ផងដែរ​។​

​លោកនាយក​វិទ្យាស្ថាន​បាន​ឲ្យ​ដឹងផង​ដែរ​ថា ប​ច្ចុ​ប្បន្ន​វិទ្យាស្ថាន​មាន​សិស្ស និស្សិត​កំពុង​សិក្សា​សរុប ២៤១២​នាក់​។ ចាប់តាំងពី​ឆ្នាំ​សិក្សា​២០០២- ២០ ០៣ ដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨ មាន​សិក្ខាកាម​សិស្ស និស្សិត​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​សរុប ១៨៦៧១​នាក់ ក្នុងនោះ​មាន​នារី ៨២០៧​នាក់​។​

​បើតាម​លោក ណុប នរិន្ទ សិស្ស​និស្សិត​ដែល​បញ្ចប់ការសិក្សា​ពី​វិទ្យាស្ថាន​ទៅ​ទទួលបាន​ការងារ​ធ្វើ​ក្នុង​អត្រា​ជាង ៩០​ភាគរយ​។​

​លោកនាយក​វិទ្យាស្ថាន​ក៏បាន​អះអាង​ផងដែរ​ថា​ ដើម្បី​ឆ្លើយតប​ទៅនឹង​បច្ចុប្បន្នភាព​នៃ​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ វិទ្យាស្ថាន​ខ្មែរ​ជំនា់​ថ្មី​បាននិងកំពុង​រៀបចំ​និង​កែលំអ​កម្មវិធីសិក្សា​, រចនាសម្ព័ន្ធ​គ្រប់គ្រង​, ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាតិ អន្តរជាតិ​, ពង្រឹងសមត្ថភាព​សាស្ត្រ​ចា​រ្យ លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក និង​គុណភាព​សិក្សា​គ្រប់​កម្រិត​។​

វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ក៏បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់ខ្លួន​ដោយ​ផ្តោត​ជា​ចម្បង​ទៅលើ​ការបណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា តាមរយៈ​ការស្រាវជ្រាវ​ដោយផ្ទាល់​ជាមួយ​បណ្តា​ក្រុមហ៊ុន មន្ទីរពេទ្យ ធនាគារ និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​តម្រូវការ​ចាំបាច់​របស់​ស្ថាប័ន​ទាំងនេះ។ លទ្ធផល​នៃ​ការ ស្រាវជ្រាវ​នេះ ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​សម្រាប់​ជា​ចំណេះដឹង​ឲ្យ​និស្សិត​គ្រប់​កម្រិត​អាច​យកទៅ​ប្រកួតប្រជែង​លើ​ទីផ្សារការងារ​បាន​៕​B/Ha