សម្តេច​តេ​ជោ អគុណ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ទាំងអស់​ដែល​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​

821
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៧ ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​ល​ទ្ឋ​ផល​ជា​ផ្លូវការ​គឺ​បានបញ្ជាក់​ច្បាស់​ថា “​គណបក្ស​ប្រជាជន​កម្ពុជា​” គឺជា​គណបក្ស​ឈ្នះឆ្នោត នៅក្នុង​ការបោះឆ្នោត​ខាងលើនេះ​។​

​គណបក្ស ប្រជាជន​កម្ពុជា ទទួលបាន ចៅសង្កាត់​-​មេឃុំ ចំនួន​១.១៥៦ ដែល​លើស​ជាង​២​ភាគ​៣​នៃ​ឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​។​ល​ទ្ឋ​ផល​ផ្លូវការ​នេះ​គឺ​បានបង្ហាញ​អោយឃើញ​កាន់តែច្បាស់​ថា ប្រជាពលរដ្ឋ និង​យុវជន​បាន​គាំទ្រ​និង​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​យ៉ាងច្រើន​លើសលប់​បំផុត​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ដូច្នេះ​ថា​«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សមាជិក សមាជិការ​គណបក្ស និង​ជនរួមជាតិ​នៅ​ទូទាំង ប្រទេស​ដែល​បាន​គាំទ្រ​និង​បាន​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​បន្ត​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​។​

​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅតែ​ជា​គណបក្ស​ជាទី​ទុកចិត្ត​របស់​ប្រជាជន​នាំមុខ​ដ៏​រឹងមាំ​បំផុត​នៅ កម្ពុជា​។ ជ័យជំនះ​នៅពេលនេះ គឺ​បានបង្ហាញ​អោយឃើញ​កាន់តែច្បាស់​បំផុត​ថា នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​០៦ នា ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​គឺ គណបក្ស​ប្រជាជន កម្ពុជា​នឹង​ទទួល​នូវ​ជ័យជំនះ​ជា​បន្តទៀត​ជាក់​ជាមិនខាន​»​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ទទួល​ស្គាល់​និង​អបអរ​លទ្ធផល​ឆ្នោត​ផ្លូវ​ការដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​។​គណបក្ស​សម្តែង​ការគោរព​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សមាជិក​សមាជិកា​គណបក្ស​និង​ជនរួមជាតិ​នៅ​គ្រប់​ឃុំ​សង្កាត់​ដែល​បានធ្វើការ​សំរេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ក្នុងការ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​អោយ​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​នៅក្នុង​ក្របខណ្ឌ​ប្រទេសជាតិ​ទាំងមូល​។​

​សេចក្ដីថ្លែងការណ៍​បញ្ជា​ក់ថា​«​តាមរយៈ​ជ័យជម្នះ​នេះ បាន​ធានា​នូវ​មូលដ្ឋាន​យ៉ាងរឹងមាំ​សំរាប់​គណបក្ស​ប្រជាជន​កម្ពុជា​ឈានទៅ​ទទួល​ជ័យជម្នះ​ដ៏​ត្រចះ​ត្រង​ចង់​ជាថ្មីទៀត​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នា​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​»​។​

​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​រួបរួមគ្នា​ជា​ធ្លុង​មួយ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​និង​ក្រោម​ម្លប់​បារមី ដ៏​ត្រជាក់ត្រជុំ​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​ទោះ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ផ្សេងៗ​គ្នា​ក៏ដោយ​៕

​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤​កន្លងទៅ​គណបក្ស ប្រជាជន​កម្ពុជា ទទួលបាន​ចៅសង្កាត់​-​មេឃុំ លើស​២​ភាគ​៣​នៃ​ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​