សម្តេច​តេ​ជោ ៖ ទោះ​តម្លៃ​ណាក៏ដោយ​ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន

1488
ចែករម្លែក

ដោយ ៖ តារារិទ្ធិ/​ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​កម្ពុជា បាន​មាន ប្រសាសន៍ថា តម្លៃ​នៃ​សន្តិភាព គឺ​ធំ​ណាស់ សំខាន់​ខ្លាំងណាស់​សម្រាប់​យើង ដូច្នេះ យើង​មិន​ខ្លាច​នឹងធ្វើ​ការលះបង់​និង​ចំណាយ​អ្វី​ក៏ដោយ ឲ្យ​តែ​រក្សាបាន​នូវ​សន្តិភាព ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង បុគ្គលិក​មន្ទីរអប់រំ​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ប្រមាណ​ជិត ៤០០០ នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី ២៥ ខែ មីនា​ ។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ជោគជ័យ​ទាំងឡាយ ដែល​សម្រេចបាន​នៅពេលនេះ គឺ​មិនអាច​ខ្វះ​តួនាទី ដឹកនាំ​របស់​គណបក្ស​ប្រជាជន​បានទេ​។​ ជោគជ័យ​ដែល​សម្រេចបាន​នេះ​ចែកចេញជា​តំណាក់ៗ ដែល​យើង​បាន​ឆ្លងកាត់​ដោយ​ការចាប់ផ្ដើម​ពី​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត។ នោះ​គឺជា​ការចាប់ផ្តើម​មួយ​ដ៏​លំបាក លំបិន​បំផុត​។ ប៉ុន្តែ​ក្រោយពី​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​នោះ គឺ​ការទប់ស្កាត់​នៃ​ការវិលត្រឡប់​នៃ​របប​ប៉ុល ពត និង ការស្ដារ​ប្រទេសជាតិ​ឡើងវិញ មិនមែនជា​រឿង​ងាយស្រួល​ទេ ។

សម្តេច​បន្តថា នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​របស់​យើង ត្រូវ​ទទួលរង​នូវ​ការហ៊ុំព័ទ្ធ​ខាង នយោបាយ​និង​សេដ្ឋកិច្ច​។ កៅអី​នៅ​អង្គការ​សហ​ប្រជា ជាតិ​ត្រូវ​ពួក​ប៉ុលពត​អង្គុយ​នៅ​ទីនោះ​។ យើងរ​ស់ទាំង​លំបាក ប៉ុន្តែ​យើង​បានធ្វើ​ដំណើរ​បន្តិច​ម្ដងៗ ប្រឹង​រស់​ដោយ​ខ្លួនឯង ហើយ​ស្ថានភាព​នេះ​ក៏បាន​ដាក់​ឲ្យ​យើង​ឃើញ​ពី​ស្ថានភាព អ្វី​ដែលជា​សមិទ្ធិផល​ដែល​យើង​ទទួលបាន​ដោយ​លំបាក ទើប​យើង​ចេះ​ការពារ​វា​។​

​សម្តេច​តេ​ជោ​បាន​បន្តថា​សម្រាប់​យើង​ជោគជ័យ ដែល​បានមក​គឺ​លំបាក​ណាស់។ ពី​ជំហាន​មួយ​ទៅកាន់​ជំហាន​មួយ​មិនមែនជា​ការងាយស្រួល​ទេ ហើយ​បើ​និយាយ​ម្យ៉ាងទៀត​ពី​សន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ ចាត់ទុកថា​គណបក្ស​ប្រជា ជនកម្ពុជា គឺជា​គណ បក្ស​ដែល​បាន​ដើរតួនាទី​គន្លឹះ ហើយ​ជា​ចលករ នៃ​ការស្វែងរក នូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ ពិសេស​ការបញ្ចប់​សង្គ្រាម ការបញ្ចប់​នូវ​ការបែកបាក់​។ ដូច្នេះហើយ​បានជា​យើង​ឃើញថា តម្លៃ​នៃ​សន្តិភាព​នេះ​គឺ​វា​ធំ​ណាស់ វា​សំខាន់​ខ្លាំងណាស់​សម្រាប់​យើង។ ដូច្នេះ​យើង​មិន​ខ្លាច​នឹងធ្វើ​ការលះបង់ និង​ចំណាយ​អ្វី​ក៏ដោយ ឲ្យ​តែ​រក្សាបាន​នូវ​សន្តិភាព​៕B/MN