សម្តេច​តេ​ជោ ៖ របប​ប្រល័យពូជសាសន៍​ប៉ុលពត គ្មាន​ពាក្យ​ថា សិទ្ធិមនុស្ស​ទេ!

830
ចែករម្លែក

​ដោយ:​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឆ្នាំ​១៩៧៥-១៩៧៩ គឺ​ប្រជាពលរដ្ឋ​មិនមាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​ជ្រើសរើស​តំណាង សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​និង​សិទ្ធិ​ប្រកបការងារ​ជាដើម ។

​សម្តេច​តេ​ជោ មានប្រសាសន៍​បន្តថា របប​ប្រល័យពូជសាសន៍​ប៉ុលពត​បាន​ដកហូត​សិទ្ធិសេរីភាព​ទាំងអស់ ហើយ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ធ្វើការ​ហួសកម្លាំង ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ​និង​ថ្នាំ​ព្យាបាល ព្រមទាំង​បានសម្លាប់​ចោល​អស់​ជាង​៣​លាន​នាក់​នៅក្នុង​រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ​និង ២០​ថ្ងៃ​ប៉ុណ្ណោះ​។​

​ក្នុង​ទិវា​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ដែលជា​ទិវា​សិទ្ធិមនុស្ស​សកល (Human Rights Day) ដែល​អង្គការសហប្រជាជាតិ (UN) បានប្រកាស​ឲ្យ​ប្រើ​តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​មនុស្ស​ជាតិ​គ្រប់រូប​នៅលើ​ពិភពលោក​ដែល​កើតមក​មាន​សិទ្ធិសេរីភាព និង​ស្មើភាព​គ្នា​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។​

​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ សរសេរថា ក្រោយពេល​ប្រទេសជាតិ​ត្រូវបាន​រំដោះ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ថ្ងៃទី ៧ មករា ១៩៧៩ គឺ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ត្រូវ​បានទទួល​ពេញលេញ​ឡើងវិញ​រហូតដល់​សព្វថ្ងៃ​នេះ​។ សិទ្ធិសេរីភាព គឺ​បានធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូចធំ ជ្រើសរើស​ជំនឿ​សាសនា និង​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ធិសេរីភាព​ក៏បាន​ធ្វើអោយ​កម្ពុជា​កាន់​តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ ។

​សម្តេច​តេ​ជោ សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​អោយបាន​គង់វង្ស ដើម្បី​ឲ្យ​កម្ពុ​យើង​កាន់តែ​រីកចម្រើន​៕​B/