សម្តេច​តេ​ជោ ៖ សន្ទុះ​នៃ​ការចូល​ជា​សមាជិក​កើនឡើង​ខ្លាំង បង្ហាញថា​CPP​នឹង​ឈ្នះ​នៅ​ឆ្នាំ​២០១៨​បន្ដទៀត​

869
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​អាណត្តិ​ទី​៤​មក ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន ក៏មាន​សន្ទុះ​កើនឡើង​យ៉ាងខ្លាំង​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។​
​ ​
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​ចាប់​​តាំងពី​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​មកទល់ពេលនេះ ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏មាន​សន្ទុះ​កើនឡើង​​យ៉ាងខ្លាំង ទាំង​នៅក្នុង​និង​ក្រៅប្រទេស​។ នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា​គណបក្ស​ប្រជាជន​នឹង​ទទួល​ជ័យជំនះ​នៅក្នុង​ការ​​បោ​ឆ្នោត​ឆ្នាំ ២០១៨ ជា​បន្តទៀត​”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា កត្តា​ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា កើនឡើង​ខ្លាំង​នេះ​ដោយសារតែ​ប្រជា​​ពលរដ្ឋ បានដឹង​អំពី​តម្លៃ​នៃ​សន្តិភាព​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន​។​សម្តេច​បាន​លើកឡើងថា​“​មាន​សន្តិ​​ភាព​យូរអង្វែង មានការ​រីកចម្រើន​យូរអង្វែង​” ហើយ​បន្ត​ថ្លែងថា សន្តិភាព​បាន​ផ្តល់ឱកាស​ឲ្យ​យើង​កសាង​ប្រទេសជាតិ​បាន​លឿន​ឆ្ពោះ​​ទៅមុខ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា “​សព្វថ្ងៃនេះ​អ្នកវិនិយោគទុន​ជាតិ និង​អន្តរជាតិ មាន​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង​លើ​ការ​​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ច្បាស់លាស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ធានាបាន​នូវ​បរិយាកាស​វិនិយោគ​ល្អ​ជាមួយនឹង​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម មិន​ដូច​ការបំពុល និង​បំផ្លើស​ព័ត៌មាន​អាក្រក់​ពី​ក្រុម​ខិលខូច​មួយចំនួន​ឡើយ​។ ទន្ទឹមនឹង​នេះដែរ កំណើន​ទេសចរ ក៏​កំពុង​កើនឡើង​យ៉ាងខ្ពស់ ដែល​យើង​រំពឹងទុក​ថា នឹង​កើន​ដល់​៥ លាន នាក់​ក្នុង​១​ឆ្នាំ​។ ប្រជាពលរដ្ឋ​រីករាយ​សាទរ​ដោយ​ទទួលបាន​នូវ​​ការងារ​សមស្រប និង​មុខរបរ​តូចធំ​ជាមួយ​ប្រាក់ចំណូល​សមរម្យ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង​”៕​ដោយ​៖​វិបុល​

#