សម្តេច​តេ​ជោ ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​បន្ត​វិនិយោគ​នៅ​កម្ពុជា​

338

(​ភ្នំពេញ​) ៖ លោក Han Chang Woo ប្រធាន​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន MARUHAN បាន​លើកឡើងថា​សព្វថ្ងៃ​នេះ​​ក្រុមហ៊ុន​ជប៉ុន​ជាង ២៥០ មាន​ជំនឿ​ចិត្ត​ក្នុងការ​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្រុមហ៊ុន របស់លោក​មាន​គម្រោង សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​កម្ពស់ ២២​ជាន់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នា​ឆ្នាំ​២០១៨​ខាងមុខ ។​
​ ​
​ក្នុងឱកាស​ចូលជួប សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក​Han Chang Woo បាន​មាន ប្រសាសន៍ថា ថ្មីៗ​នេះ​ក្រុមហ៊ុន MARUHAN បាន​ទិញយក​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា ឈ្មោះថា​ស្ថាបនា ដែល​បច្ចុប្បន្ននេះ​ប្តូរ​ពី​មីក្រូហិរញ្ញវត្ថុ ទៅជា​ធនាគារ​ស្ថាបនា​វិញ ដែលមាន​អ្នកបច្ចេកទេស និង​អ្នកទទួលខុសត្រូវ​មកពី​ប្រទេស​ជប៉ុន​ផង និង​នៅ​កម្ពុជា​ផង​។​
​ ​
​លោក​បន្ថែមថា ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ ផ្លូវ​ន​រោ​ត្ដម រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយនេះ​ដែល​នឹង​​សាងសង់​រួចរាល់ នៅ​ឆ្នាំ​២០២០​ខាងមុខ ដោយមាន​កម្ពស់ ២២​ជាន់​អស់​ទឹកប្រាក់​ប្រមាណ ៦០​លាន​ដុល្លារ ។​
​ ​
​លោក​បន្ថែមទៀតថា សព្វថ្ងៃ​ធនាគារ​ស្ថាបនា នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ​១២០​លាន ដុល្លារ​មាន​សាខា​១៦៨​កន្លែង​នៅ​ទូទាំងប្រទេស​​មាន​បុគ្គលិក​៤,៣០០​នាក់ ស្មើ​១៥% នៃ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​
​ ​
​លោក​បញ្ជាក់ថា “​ក្រៅពី​ធនាគារ​នៅ​កម្ពុជា ក្រុមហ៊ុន​លោក​មានការ​វិនិយោគ ទីលាន​វាយ​កូន​ហ្គោល​ចំនួន​១៧​នៅ​ជប៉ុន​។ សព្វថ្ងៃនេះ​មាន ក្រុមហ៊ុន​ជប៉ុន​ជាង ២៥០ ដែលមាន​ជំនឿ ចិត្ត​ក្នុងការ បណ្តាក់ទុន​វិនិយោគរ​ក​ស៊ី​នៅ​កម្ពុជា​។ ក្រៅពី​វិនិយោគ ក្រុមហ៊ុន MARUHAN បាន​ចូលរួម​ក្នុង​កិច្ចកា​សង្គម​យ៉ាងសកម្ម​ផងដែរ​ដូចជា​ជីក​អណ្តូង​ទឹកស្អាត សាងសង់​សាលារៀន និង​គាំទ្រ​លើ​វិស័យ​កីឡា​ជាដើម​” ។​
​ ​
​ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការរីកចម្រើន​របស់​កម្ពុជា ដោយសារ​នយោបាយ​កម្ពុ​ជាពិសេស​បើកចំហ​រលើ​​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ចជាតិ រួមទាំង​ការអនុញ្ញាត ឲ្យ​វិនិយោគិន​បរទេស​អាចមក​វិនិយោគ​ផ្ទាល់​១០០% ផងដែរ ។​
​ ​
​សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឲ្យ​លោក Han Chang Woo បន្ត​វិនិយោគ​នៅ​កម្ពុជា ហើយ​បន្ត​ចូល រួម​ជួយ​ក្នុង​វិស័យ​សង្គម ជាពិសេស​វិស័យ​កីឡា ដោយសារ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​រៀបចំ កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ ២០២៣ ខាងមុខ​៕​ដោយ​៖​វិបុល​/sn