សម្តេច​តេ​ជោ : “​វិមាន ឈ្នះ​ឈ្នះ នឹង​ក្លាយជា​ទីប្រជុំ​ទេសចរណ៍ ឆាប់ៗ​នេះ​”

826
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ថ្ងៃអាទិត្យ​ឈប់សម្រាក​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា វិមាន ឈ្នះ​ឈ្នះ នឹង​ក្លាយជា​ទីប្រជុំ​ទេសចរណ៍​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។

​សម្តេច​មានប្រសាសន៍​ទៀតថា ជិត​ឆ្លង​ឆ្នាំ​ថ្មី​២០១៩​ហើយ រីឯ​ប្រទេសជាតិ​ក៏​កាន់តែ​រីកចម្រើន​ទៅមុខ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឥតឈប់ឈរ​។

“​ប្រទេស​យើង​មាន​សុខសន្តិភាព ទី​រមណីយដ្ឋាន​ទេសចរ​ក៏​កើតមានឡើង​កាន់តែច្រើន​រួមទាំង “​វិមាន ឈ្នះ ឈ្នះ​” ដែល​ទើបបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​នេះ​។ “​វិមាន ឈ្នះ ឈ្នះ​” ដែល​ស្ថិតនៅ​ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នឹង​ក្លាយជា​ទីប្រជុំ​ទេសចរណ៍​នាពេល​អនាគត​ដ៏​ខ្លី​”​។

​សម្តេច​តេ​ជោ​”​សូម​បងប្អូន​មក​ទស្សនា “​វិមាន ឈ្នះ ឈ្នះ​” អោយ​បានឃើញ​ផ្ទាល់​ភ្នែក​អំពី​ស្នាដៃ​ស្ថាបត្យកម្ម​ថ្មី​ដែល​កសាង​ដោយ​កូន​ខ្មែរ ហើយ​ចូលរួម​ទស្សនា​កំសាន្ត​ជាមួយ​កម្មវិធី​តន្ត្រី និង​ទស្សនា​ពិព័រណ៍ ជាមួយនឹង​ការរៀបចំ​ស្តង់​ម្ហូបអាហារ និង​ស្តង់​លក់​សម្ភារៈ​បរិក្ខារ សម្លៀកបំពាក់​ច្រើន​នៅទីនេះ​រហូតដល់​ថ្ងៃទី​៣១ ធ្នូ​”​។

​ជាមួយគ្នានេះ សម្តេច​មានប្រសាសន៍ថា​”​ខ្ញុំ​និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​កូនក្មួយ​យុវជន បាន​សប្បាយរីករាយ​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​រហូតដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​២០១៩​ខាងមុខនេះ​!”៕

#