សម្តេច​ទៀ​បាញ់​ជម្រុញ​ឱ្យ​អាជ្ញាធរខេត្ត​បង្កើន​ការផ្តល់សេវា​សាធារណៈ​តាម​ច្រកចេញចូល​តែមួយ​

452
ចែករម្លែក
  • 12
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​៖ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត ត្រូវ​បង្កើន​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ តាម​ច្រកចេញចូល​តែមួយ ឲ្យ​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធិភាព​។​

​សម្តេច​មាន​ប្រសា​ស​ន៏​នេះ​គឺ​ក្នុង​ពិធី​បិទ​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​ទី​១៩​ខែមីនា​ឆ្នាំ​២០១៩​។ សម្តេច​បាន​មានប្រសាសន៍ថា​កន្លងមក​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិនសូវ​យល់​ពី​ការផ្តល់សេវា​របស់​រដ្ឋ តែងតែបាន​ជួប​ការលំបាក​ក្នុង​ការទទួល​សេវាសាធារណៈ ដោយសារ​ពឹង​អ្នក​ជួយ​រត់ការ ធ្វើឱ្យ​ការចំណាយ​របស់​ពួកគាត់​ច្រើន​។​

​ដើម្បី​កាត់បន្ថយ​ការចំណាយ​និង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើតឱ្យមាន​អង្គភាព​ច្រកចេញចូល​តែមួយ នៅតាម​សាលាខេត្ត​នានា ដែល​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​ខេត្ត​នេះ គឺ​ប្រជាពលរដ្ឋ​អាចមក​ទទួល​សេវា​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ពឹង​អ្នក​រត់ការ​ដូច​មុន​ហើយ​ការចំណាយ​របស់គាត់​តិច​និង​ទទួលបាន​សេវា​ឆាប់រហ័ស​ផងដែរ​។​

បច្ចុប្បន្ននេះ​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​សាលាខេត្ត​និង​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​បណ្តា​ក្រុង ស្រុក ខណ្ឌ នៅ​ទូទាំងប្រទេស បាន​កំពុងតែ​សម្រួល​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ទាំង​ការកាត់បន្ថយ​ពេលវេលា​ថវិកា​ជាដើម​។​

ក្នុងនោះ​សម្តេច​បាន​ជម្រុញ​អាជ្ញាធរ​ខេត្តសៀមរាប​ត្រូវខិតខំ​សម្របសម្រួល​ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ដើម្បី​ព​ន្លឿ​ន​ការផ្ទេរ​សេវា​ដែល​នៅ​សេសសល់​ឱ្យមក​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​សាលាខេត្ត​។​រួមទាំង​ផ្តល់​ការគាំទ្រ​បច្ចេកទេស​ការកសាង​សមត្ថភាព​នៃ​ការផ្តល់សេវា​ទាំងនេះ​ឱ្យ​កាន់​តែមាន តម្លាភាព គណនេយ្យភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​។​

​ជាមួយក្នា​នោះ​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​ក៏បាន​មានប្រសាសន៍​ដែរ​ថា​បច្ចុប្បន្ននេះ​នៅ​ខេត្តសៀមរាប មាន​អង្គភាព​ច្រកចេញចូល​តែមួយ​ចំនួន​១ និង​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅតាម​បណ្តា​ក្រុង​ស្រុក​ចំនួន​៣​កំពុងតែ​ដំណើរ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​គឺ​មាននៅ​ក្រុង​សៀមរាប​ស្រុក​ពួក​និង​ស្រុក​ជីក្រែង​។

​នៅក្នុង​ឆ្នាំ​២០១៩​នេះ​មាន​គម្រោង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​២​ទៀត​គឺ​នៅ​ស្រុក​សូទ្រនិគម​និង​ស្រុក​ក្រឡាញ់​។​និង​នៅ​ឆ្នាំ​២០២០​មាន​គម្រោង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​២​ទៀត គឺ​នៅ​ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង​។

ចំពោះ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​សៀមរាប​ដែល​ទើប​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ​២០១៨​មកនេះ គឺមាន​សេវា​រដ្ឋបាល​ដែល​បាន​ប្រតិភូកម្ម​មាន​ចំនួន​១៤​វិស័យ និង​សរុប​ចំនួន​ជាង​៣៧០​ប្រភេទ​សេវា វិស័យ​ទាំង​១៤​នេះ គឺមាន​១ ការងារ​នីត្យានុកូលកម្ម (​ការបញ្ជា​ក់លើ​ឯកសារ​ថតចម្លង​)២ ការងាររដ្ឋបាល ៣ វិស័យ​សុខាភិបាល ៤ វិស័យ​ទេសចរណ៍

៥ វិស័យ​សាធារណការ និង​ដឹកជញ្ជូន ៦​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ៧ វិស័យ​ព័ត៌មាន ៨ វិស័យ​បរិស្ថាន ៩ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម ១០​វិស័យ​រ៉ែ និង​ថាមពល ១១ វិស័យ​ពាណិជ្ជកម្ម​១២ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ១៣ វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​១៤ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

សេវា​តាម​វិស័យ​នីមួយៗ​ត្រូវ​អនុត្ត​តាម​ការកំណត់​ក្នុង​តារាង​ឧបសម្ព័ន្ធ នៃ​ប្រកាស​អន្តរក្រសួង រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​ក្របខ័ណ្ឌ​ពេលវេលា​។ លោក​អភិបាលខេត្ត អំពាវនាវ​ឱ្យ​ឲ្យ​ប្រជាពលរដ្ឋ មក​ទទួល​សេវា នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​តាម​វិស័យ និង​តាម​សេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ​ទាំងនេះ ដើម្បី​ទទួលបាន​សេវា​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធិភាព​៕S/​