សម្តេច​ទៀ បាញ់ អញ្ជើញ​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤

192
ចែករម្លែក

តារារិទ្ធិ:សៀមរាប​: សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ សម្តេច​បាន​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្តសៀមរាប ។​

ក្រសួងសុខាភិបាល​នៃកម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន នឹង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។

កិច្ចប្រជុំ​នេះ ត្រូវ​បានរៀបចំ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ជា​លក្ខណៈ​ប្តូរ​វេន ដែល​រួមមាន ១៖ កិច្ចប្រជុំ​ត្រៀម​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​បី និង​អាស៊ាន​-​ចិន និង ២៖ កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​បី និង​អាស៊ាន​-​ចិន ក្រោម​ប្រធានបទ «​លើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​»​។​

កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​បួន​គឺ​៖ ១. ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​, ២.​ការធានា​និរន្តរភាព​ហិរញ្ញប្បទាន សេវា​ថែទាំ​សុខភាព​, ៣. ការពង្រឹង​សមត្ថភាពក្នុងការ​អនុវត្ត និយ័តកម្ម​សុខភាព​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក និង​៤៖ នវានុវត្តន៍​នៃ​ការពង្រឹង​សេវា​ថែទាំ​សុខភាព​។​

កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​សុខាភិបាលនៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ​) អគ្គលេខាធិការ​អាស៊ាន និង​ប្រតិភូ​អមដំណើរ​សរុប​ប្រមាណ ៣០០​នាក់​។ កិច្ចប្រជុំក៏​នឹង​ពិភាក្សា និង​អនុម័ត​នូវ​របៀបវារៈ​អាទិភាព​សំខាន់ៗ​មួយចំនួន​ផងដែរ​៕​Ha