សម្តេច​ប៉ាប​និង​អង្គការ​អ៊ីស្លាម​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​សម្លាប់​មនុស្ស​២០​នាក់​នៅ​ហ្វីលីពីន​

529
ចែករម្លែក

​ក្រុម​រដ្ឋ​អ៊ីស្លាម​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​២​គ្រាប់​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់​ក្នុងអំឡុង​ការធ្វើ​ពិធី​នៅ​ព្រះវិហារ​កាតូលិក​មួយ​​នៅ​ហ្វីលីពីន​ខាងត្បូង​។​

​ការវាយប្រហារ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​មករា​នៅលើ​កោះ​ចូ​ឡូ​ភាគខាងត្បូង​ដែលមាន​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ​ភាគច្រើន​ក៏បាន​បណ្តាលអោយ​របួស​មនុស្ស​៨១​នាក់ ។​ការផ្ទុះ​ទី​១​បាន​កើតឡើង​ក្នុង​ព្រះវិហារ​ក្នុង​ខេត្ត​ស៊ូ​លូ និង​ការផ្ទុះ​ទី​២​នៅក្រៅ​ព្រះវិហារ ដែល​ត្រូវបាន​ចុច​បំផ្ទុះ​នៅពេល​កងកម្លាំង​សន្តិសុខ​មកកាន់​កន្លែង​ផ្ទុះ​​ដំបូង​។​

​ប៉ូលិស​សង្ស័យ​វា​ជា​ស្នាដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ អា​ប៊ូ សាយ​យ៉ា​ហ្វ ដែល​បាន​សន្យា​ផ្តល់​ស្វាមីភ័ក្តិ​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​ក្នុង​ដំណើរ​យាង​ទៅកាន់​ប្រទេស​ប៉ា​ណា​ម៉ា សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​ព្រះអង្គ​មាន​សង្ឃដីកា​ថា​«​អំពើហិង្សា​​នេះ​បង្ក​ទុក្ខសោក​បន្ថែម​ដល់​សហគមន៍​គ្រិស្តសាសនា​។​ខ្ញុំ​ឧទ្ទិស​បន់ស្រន់​ដល់​អ្នកស្លាប់​និង​របួស​។​សូមអោយ​ព្រះ ផ្លាស់ប្តូរ​ចិត្ត​របស់​ជន​ហិង្សា​»​។​

​ចំណែក​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ត​ទែ​ត បាន​ថ្កោលទោស​ឧបទ្ទវ​ហេតុនេះ​ថា​ជា​«​អំពើ​ភេរវកម្ម​និង​ឃាតកម្ម​។​យើង​នឹង​តាមរក​អ្នក​នៅ​ពីក្រោយ​​ដល់​ឧក្រិដ្ឋកម្ម​ដល់​ជើងមេឃ​រហូត​ទាល់តែ​ឃាតករ​ត្រូវបាន​នាំមក​កាត់ទោស​។​ច្បាប់​មិន​អត់ឱន​ទោស​ដល់​ពួកគេ​ទេ​។​កងកម្លាំងប្រដាប់អាវុធ​ហ្វីលីពីន នឹង​ងើបឈរ​ប្រឆាំង​​ហើយនឹង​កំទេច​ពួកឧក្រិដ្ឋជន​គ្មាន​ជំនឿ​ទាំងនេះ​»​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​អង្គការ​នៃ​កិច្ចសហការ​អ៊ីស្លាម​( OIC) ដែលមាន​សមាជិក​៥៧​ប្រទេស​ក៏បាន​សម្តែង​ការឈឺ​ចិត្តជា​ខ្លាំង​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​កាលពី​​ថ្ងៃអាទិត្យ​។​លោក​ថា​OIC ប្រឆាំង​អំពើហិង្សា ភាពជ្រុលនិយម​និង​ភេរវកម្ម​គ្រប់​ទំរង់ មិន​ថា​ចេញពី​ប្រភព​ណា​ឬ​ហេតុផល​អ្វី​ទេ​។​

​ការផ្ទុះ​នេះ​បានកើត​ឡើង​តែ​៦​ថ្ងៃ​បន្ទាប់ពី​តំបន់​ខាងត្បូង​ហ្វីលីពីន​បោះ​ប្រជាមតិ​គាំទ្រ​ស្វ័យភាព​សំរាប់​តំបន់​ដែលមាន​ជន​អ៊ីស្លាម​រស់នៅ​ភាគច្រើន​នេះ​៕​ដោយ​៖​វាសនា​