សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​កីឡាករ កីឡាការិនី ជ័យលាភី​មេដាយមាស ចូលជួប​សម្តែង​ការគួរសម​

869
ចែករម្លែក

ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩:០០​នាទី នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​កីឡាករ កីឡាការិនី​ជ័យ លា​ភី​មេដាយមាស​ចំនួន ៤០​រូប ចូលជួប​សំណេះសំណាល និង​សម្តែង​ការគួរសម ក្នុងឱកាស​ពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ដែល​នឹង​ចូលមក​ដល់​នា​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨​នាពេលខាងមុខ​។​

​បន្ទាប់ពី​បាន​ស្តាប់​សេចក្តីរាយការណ៍​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អំពី សកម្មភាព និង​លទ្ធផល​របស់​គណៈកម្មាធិកា​រ ជាតិ​អូឡាំពិក​កម្ពុជា រួចមក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​នូវ​អំណរ​សរសើរ និង​វាយ តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងឡាយ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​អនុវត្ត គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​រហូត​ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​ដូច​ថ្ងៃនេះ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែង​នូវ​អំណរ​សរសើរ​ដោយស្មោះ​អស់ពីដួងចិត្ត​ចំពោះ​កីឡាករ កីឡា​ការី​នី​ទាំងអស់ ដែល​បាន​ខិតខំ​ហាត់ពត់លត់ដំ និង​អភិវឌ្ឍ​ខ្លួន ក្លាយជា​កីឡាករ កីឡា​ការី​នី ខ្លាំង ពូកែ​ឈានទៅ​ដណ្ដើមបាន​ស្នាដៃ​ជា​ជ័យលាភី​មេដាយមាស ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​ពិភពលោក​។ នេះ​មិន​គ្រាន់តែ​ជា​កិត្តិយស កិត្យានុភាព និង​មោទនភាព​របស់​ម្នាក់ៗ​ប៉ុណ្ណោះ​ទេ វា​ថែម​ជា​កិត្តិយស កិត្យានុភាព មោទនភាព​របស់​គ្រួសារ របស់​គណៈកម្មាធិការ​ជាតិ​កីឡា​អូឡាំពិក​កម្ពុជា និង​ជា​កិត្តិយស កិត្យានុភាព មោទនភាព​របស់​ជាតិ​យើង​ទាំងមូល​ផងដែរ​។​

​សម្តេច​វិបុល​សេនា​ភក្តី បានកត់សម្គាល់​ចំពោះ​ភាពជោគជ័យ ដែល​កីឡាករ គី​ឡា​ការី​នី សម្រេចបាន​នាពេល​កន្លងទៅ គឺ​អាស្រ័យ​ដោយ​៖

១.​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​សម្ដេច​បានដាក់​ចេញ​យ៉ាង​ត្រឹមត្រូវ​នូវ​គោលនយោបាយ​ស្ដីពី យុវជន និង​កីឡា ហើយ​សម្ដេច​តេ​ជោ​បាន​ធ្វើជា​គំរូ​ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​នេះ​យ៉ាងសកម្ម និង​ជាក់ស្ដែង​។ មាន​ជា​ឧទាហរណ៍ សម្ដេច​បានទទួល​ជួប​លើកទឹកចិត្ត​ភ្លាមៗ​ចំពោះ​កីឡាករ កីឡា ការី​នី​ជា​ជ័យលាភី មេដាយ​គ្រប់​លំដាប់ថ្នាក់​ពេល​ត្រឡប់​មកពី​ប្រកួត​ជា​អន្តរជាតិ​វិញ សម្ដេច​បាន​ដំឡើង ប្រាក់រង្វាន់​ជ័យលាភី​ប្រកួត​កីឡា​ជា​អន្តរជាតិ ២០០% ចាប់ពី​ឆ្នាំ​២០១៣​មក និង​ដំឡើង​ប្រាក់ឧបត្ថម្ភ ក្រុម​ជម្រើសជាតិ​២០០% ចាប់ពី​ឆ្នាំ​២០១៥​មក សម្ដេច​បានទទួល​ជប់លៀង​ក្នុង​មហា​គ្រួសារ​កីឡា​ជាតិ​ជា​រៀងរាល់ឆ្នាំ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ព្រមទាំង​ផ្ដល់នូវ​របប​គាំពារ​សន្តិសុខ សង្គម​លើ​បញ្ហា​សុខភាព និង​ជិះ​រថយន្តក្រុង​ដល់​កីឡាករ កីឡា​ការី​នី គ្រូបង្វឹក អាជ្ញាកណ្ដាល ដោយ​ឥតគិតថ្លៃ​។​
២.​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា របស់​ស្ថាប័ន​ក្រោម​ឱវាទ​របស់​គ្រូបង្វឹក ក្នុង​ការគោរព​ប្រតិបត្តិ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន ដោយ​ស្មារតី​ទទួល ខុសត្រូវ ខ្ពស់​ចំពោះ​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​
៣.​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​របស់​កីឡាករ កីឡា​ការី​នី​ម្នាក់ៗ ដោយ ស្មារតី​ជឿជាក់​លើ​ខ្លួនឯង និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​តាម​ស្មារតី​អ្វីៗ​ទាំងអស់ ដើម្បី ប្រទេសជាតិ និង​ប្រជាជន​យើង​។​
៤. ដោយ​សារភាព​អំណោយផល​មកពី​បរិយាកាស​គ្រួសារ និង​លើកទឹកចិត្ត​របស់​សង្គម​។​

​ពី​ពេលនេះ​ត​ទៅមុខទៀត សម្តេច​ប្រធានព្រឹទ្ធសភា បានផ្តល់​ជា​អនុសាសន៍​ដល់​គណៈប្រតិភូ មាន​ជាអាទិ៍​៖

​ទី​១ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព របស់ខ្លួន​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​សុខភាព សាមគ្គីភាព មាន​កម្រិត អន្តរជាតិ ដែលមាន​សមត្ថភាព​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ទទួលបាន​ស្នាដៃ​ជា​ជ័យលាភី​គ្រប់ លំដាប់ និង​ច្រើន​វិញ្ញាសារ​ជាងនេះទៀត​។ ជាមួយ​នោះ ក៏​សូម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ត រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត នៅ​ថ្នាក់ជាតិ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេម (SEA GAME) លើក​ទី​៣២ ឆ្នាំ​២០២៣​។​
​ទី​២ ថែបំប៉ន​គ្រូបង្វឹក​ទាំងអស់ ទាំង​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ស្មារតី និង​បច្ចេកទេស ដើម្បី មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​បណ្តុះបណ្ដាល​កីឡាករ កីឡា​ការី​នី​ទាំងចាស់ ទាំងថ្មី ដើម្បី​ជ្រើសរើស​កីឡាករ កីឡា​ការី​នី​ឯក ទៅ​ចូលរួម​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា ក៏ដូចជា ត្រៀម​ដណ្ដើម​ជ័យលាភី​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម (SEA GAME) នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​។​
​ទី​៣ សូម​កីឡាករ កីឡា​ការី​នី​ជ័យលាភី ខិតខំ​ការពារ និង​ពង្រីក​ខ្សែក្រវ៉ាត់​របស់ខ្លួន និង​ធ្វើជា គំរូ​លើ​គ្រប់ផ្នែក​សម្រាប់​កីឡាករ​ជំនាន់​ក្រោយ​។ ជាមួយ​នោះ សូម​កីឡាករ កីឡា​ការី​នី​ទាំងអស់ ប្រកាន់ ខ្ជាប់​នូវ​គុណធម៌​កីឡា ក្រមសីលធម៌​កីឡា សូមកុំ​ធ្វើ​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស​ខ្លួនឯង​ផង និង កិត្តិយស​សង្គមជាតិ​ផង​។​

​ក្នុង​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន សម្រាប់​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ជ័យលាភី​មេដាយមាស ព្រមទាំង​បាន​ប្រសិទ្ធិ​ពរ​បវរ​មហាប្រសើរ ឆ្នាំ​ថ្មី ដល់​គណៈប្រតិភូ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូណ៌​ប្រកបដោយ​សិរី​សួស្ដី និង​សុភមង្គល​៕ ល​