សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​ក្រុម​អ្នកសង្កេតការន៍​អន្តរជាតិ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

877
ចែករម្លែក
  • 123
    Shares

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ បានទទួល​ជួប​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ៣៧​រូប សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុង​នាមខ្លួន​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ និង​ស្វាគ​មយ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែល​បាន​អញ្ជើញ​មក​កម្ពុជា ដើម្បី​បំពេញបេសកកម្ម​សង្កេត​ការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ស្អែក​នេះ​។ ជាមួយគ្នានេះ សម្តេច​វិបុល​សេនា​ភក្តី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ជម្រាបជូន​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ក៏ដូចជា​ការបោះឆ្នោត​នីតិកាល​មុនៗ​ដែរ គឺ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការកំណត់​របស់រ​ដ្ឋ​ធម្មនុញ្ញ ដែល​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា តែងតែ​ប្រកាន់ខ្ជាប់​តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​២ ឆ្នាំ​១៩៩៨​មក​។​

​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ ព្រឹទ្ធសភា​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត បាន​បំពេញ​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់បោះឆ្នោត តាម​បទបញ្ជា នីតិវិធី នៃ​ការបោះឆ្នោត ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងមូល គិត​រហូតមកដល់​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ម្សិល​ម៉ិ​ញ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​អំពើ​ហឹ​ង្សា​។​

​សម្តេច​វិបុល​សេនា​ភក្តី បាន​កត់សម្គាល់ថា អង្គ​មិ​ទ្ទី​ញ និង​ការ​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​បណ្តា​គណបក្សនយោបាយ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ ទាំង​នៅ​បណ្ដា​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលមាន​មនុស្ស​ចូលរួម​រាប់សែន​នាក់ បាន​ង្ហា​ញ​ច្បាស់​អំពី​ជំនឿ​ជឿជាក់​របស់​ប្រជាជន​កម្ពុជា ចំពោះ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍន៍​ប្រទេស​។ ជាមួយគ្នានេះ ព្រឹត្តិការណ៍​កាលពី​ម្សិល​ម៉ិ​ញ​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដ៏​ច្រើន​លើសលប់ លោក​នឹង​ចេញទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ស្អែក​នេះ​ជាក់​ជាមិនខាន​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់ថា ព្រឹទ្ធសភា​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​របស់ខ្លួន​ក្នុង​ការបន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។​

​សម្តេច​វិបុល​សេនា​ភក្តី មាន​ជំនឿ​ជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​ទាំងអស់ នឹងធ្វើ​ការវាយតម្លៃ​ប្រកបដោយ​សុភ​វិនិច្ឆ័យ ចំពោះ​ដំណើរការ និង​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នៅ​កម្ពុជា​។​

​លោក អង់​ដ្រេ ប៉ា​សត្រា​ណា (ANDRES PASTRANA) ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ (CDI) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ទទួល​ជួប​ជាមួយនឹង​គណៈប្រតិភូ នាពេលនេះ​។

​លោក អង់​ដ្រេ ប៉ា​សត្រា​ណា បាន​មានប្រសាសន៍ថា នេះ​ជាការ​បោះឆ្នោត​លើក​ទី​៦​របស់​កម្ពុជា ទាំងនេះ​មានន័យថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​នៅ​ក្មេងខ្ចី​នៅឡើយ​ទេ បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាម និង​ការបំផ្លិចបំផ្លាញ​ជាច្រើន​ឆ្នាំ ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដូចដែល​យើង​បានឃើញ​នៅក្នុង​ប្រទេស​ជាច្រើន​។ ប្រទេស​កម្ពុជា នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃស្អែក​នេះ ដែល​នឹង​បង្ហាញ​ឲ្យ​ពិភពលោក​បានឃើញ​ថា ប្រទេស​កម្ពុជា បាន​នឹង​កំពុង​គោរព​លទ្ធិប្រជាធិបតេយ្យ ហើយ​យើង​សង្ឃឹមថា នឹងមាន​លទ្ធផល​ល្អ​។​

​លោក អង់​ដ្រេ ប៉ា​សត្រា​ណា បាន​ជម្រាប​សម្តេច​ប្រធានព្រឹទ្ធសភា​អំពី ជំនួប​រវាង​គណៈប្រតិភូ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះ​សម្តេចនាយក​រដ្ឋមន្ត្រី បានផ្តល់​ព័ត៌មាន​នូវ​អ្វី​ដែលជា​ប្រវត្តិសាស្ត្រ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បាន​គូសបញ្ជាក់​អំពី ការលំបាក​ទាំងឡាយ​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់ ក៏ដូចជា​ភាពជោគជ័យ​ដែល​ប្រទេស​កម្ពុជា​បានទទួល​ក្នុង​រយៈពេល​កន្លងទៅនេះ​។​

​ជាមួយគ្នានេះ លោក ចូ​ស ដឺ វេ​ណេ​ស៊ី​យ៉ា (Jose de Venecia) ប្រធាន​ស្ថាបនិក​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី​(ICAPP) បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា សមាជិក​ក្នុង​បេសកកម្ម​លើក​នេះ គឺ​មកពី​បណ្តា​ប្រទេស​ចំនួន​១៥ តំណាង​ប្រទេស​ទាំង​១៥​នេះ មក​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​លោក ចូ​ស ដឺ វេ​ណេ​ស៊ី​យ៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់រ​បស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គណៈប្រតិភូ មាន​សេចក្តី​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ជោគជ័យ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​កាលពី​ព្រឹក​មិញ​នេះ ដោយ​បញ្ជាក់​យ៉ាងច្បាស់​អំពី ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​កាន់​តែមាន​និរន្ត​ភាព​ហើយ​មាន​ភាព​គាប់ប្រសើរ​នៅក្នុង​ការចាត់ចែង​ជីវភាព​សង្គម​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ស្ថាប័ន​។ កំណើន​ជាប់​ជានិច្ច​របស់​សេដ្ឋកិច្ចកម្ពុជា និង​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា ជាពិសេស​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ពី​ប្រទេស​ក្រីក្រ មកជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប នឹង​ឈានទៅដល់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែលជា​គំរូ​មួយ​សម្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់ និង​ពិភពលោក​។​

​លោក ចូ​ស ដឺ វេ​ណេ​ស៊ី​យ៉ា បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា តំណាង​ប្រទេស​ទាំង​១៥ ដែល​មក​សង្កេតការណ៍​ការបោះឆ្នោត​នេះ សង្ឃឹមថា ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃស្អែក​នេះ នឹង​ទទួលបាន​ជោគជ័យ​។ ទន្ទឹមនឹង​គ្នា​នោះដែរ ក៏មាន​វត្តមាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន និង​អ្នកកាសែត​អន្តរជាតិ​ដែល​មកពី​ច្រើន​ប្រទេស មកជួយ​ធ្វើជា​សាក្សី​ចំពោះ​ការប្រព្រឹត្តទៅ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃស្អែក​នេះ​ផងដែរ​។ ឯកឧត្តម ក៏បាន​ជូនពរ​សូមឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ទទួលបាន​ជោគជ័យ​។​

​សម្តេច​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​កោតសរសើរ​រប​ស់​ឯកឧត្តម អង់​ដ្រេ ប៉ា​សត្រា​ណា និង​ឯកឧត្តម ចូ​ស ដឺ វេ​ណេ​ស៊ី​យ៉ា និង​បាន​ប្រសិទ្ធិ​ពរ​ជូន​គណៈប្រតិភូ មាន​សុខ​ភាពល្អ ទទួលបាន​ជោគជ័យ ក្នុងការ​បំពេញបេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នៅ​កម្ពុជា​៕ ល​