សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូលជួប​សម្តែង​ការគួរសម​

827
ចែករម្លែក
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា (ស្ដាំ) និងលោកឧត្តមសេនីយ៍ទោ ហ្វាម វ៉ាន់យី ប្រធាននយោបាយបញ្ជាការដ្ឋានយោធភូមិ​ភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម (រូប ៖ សុផល)

​ដោយ:សុផល /​ ​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​បានអនុញ្ញាត​គណៈប្រតិភូ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ម វ៉ាន់​យី ប្រធាន​នយោបាយ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​
​ ​
​នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ម វ៉ាន់​យី បាន​ជម្រាបជូន​សម្តេចព្រឹទ្ធសភា​អំពី​គោលបំណង​នៃ​ដំណើរ​បេសកកម្ម​នាពេល​នេះ គឺ​ដើម្បី​មក​សួរសុខទុក្ខ​អង្គភាព​ដែលជាសម្ព័ន្ធមិត្ត ស្របពេល​ពេលដែល​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ​លើក​ទី​៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។​

​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លងទៅនេះ ប្រជាជន និង​ប្រទេស​ទាំងពីរ បានរួម​គ្នា​ក្នុងដំណាក់កាល​តស៊ូ​តាំងពី​សម័យ​អាណានិគម​បារាំង រហូតមកដល់ ការប្រឆាំង​អំពើ​ឈ្លានពាន​របស់​សហរដ្ឋ​អាមេរិក និង​ការប្រឆាំង​របប​ប្រល័យពូជសាសន៍​។
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​របស់ ប្រទេស​កម្ពុជា ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និង​វិស័យ​ការពារជាតិ ព្រមទាំង​មានការ​រីក ចម្រើន​គ្រប់​វិស័យ និង​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា ក្នុងការ​បម្រើ​ផល ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។ ប្រការ​ទាំងអស់នេះ បានធ្វើឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ទំនុកចិត្ត​យ៉ាង មុតមាំ​លើ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ។​
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​របស់​ក​ង​យោធពល​ខេ​មរ ភូមិន្ទ ដែលមាន​ស្នាដៃ​ជាច្រើន ក្នុង​វិស័យ​ការពារជាតិ ការពារ​សន្តិសុខ និង​ស្ថិរភាព​សង្គម ហើយ ឯកឧត្តម​សូម​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​របស់​ប្រជាជន​កម្ពុជា សម្រេចបាន​ក្នុង​បុព្វ ហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការ​អភិ​វ​ឌ្ឈ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ និង​ស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ម វ៉ាន់​យី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី និង​ស្រប​ពេលដែល​ព្រះរាជាណាចក្រ​ម្ពុ​ជា និង​សាធារណរដ្ឋ​សង្គមនិយម វៀតណាម កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​អតីត​ថ្នាក់ដឹកនាំ​វៀតណាម​ជំនាន់​មុន​។​
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សង្ឃឹមថា តាមរយៈ​បេសកកម្ម​របស់​គណៈប្រតិភូ​បញ្ជាការដ្ឋាន យោធភូមិភាគ​ទី​៧ នឹង​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ ដែល​កំពុង​ខិតខំ​អនុវត្ត​ដោយ​ជោគជ័យ​ក្រោម​ពាក្យស្លោក «​អ្នកភូមិផង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ និង​យូរអង្វែង​»​។​

​ក្នុងនាម​ព្រឹទ្ធសភា សម្តេច​បាន​បញ្ជាក់ថា សភា​កម្ពុជា​គាំទ្រ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង ក្រសួងការពារជាតិ និង​កងទ័ព នៃ​ប្រទេស​ទាំងពីរ​។ នេះ​ក៏​ជាការ​រួមវិភាគទាន​ក្នុងការ​ពង្រឹង​ដល់ សន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​៕B
​ ​