សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ​លោក​ចាង ឈុន​ស៊ាន​​ចូលជួប​សម្តែង​ការគួរសម​

858
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​ចាង ឈុន​ស៊ាន អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ចូលជួប​ធ្វើ​សវនាការ និង​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​និង​គណៈប្រតិភូ នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា នាឱកាស​នេះ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ក្នុងឱកាស​នេះ ពិត​ជាមាន​សារសំខាន់ និង​មាន​អត្ថន័យ​យ៉ាង​ធំធេង​ក្នុង​ការពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ពិសេស​រវាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​នាពេលនេះ ស្រប​ពេលដែល​ប្រជាជន សភា រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​ស្រប​ពេលដែល​ប្រជាជន​កម្ពុជា​កំពុង​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ខួប​គម្រប់​១៤​ឆ្នាំ​នៃ​ការ​គ្រង​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ​លោក​ចាង ឈុន​ស៊ាន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម នាឱកាស​នេះ​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​លោក​លី ហ្សា​ង​ស៊ូ ប្រធានសភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ជូន​សម្តេច​ប្រធានព្រឹទ្ធសភា​។​

​លោក​ចាង ឈុន​ស៊ាន បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​ចាង ឈុន​ស៊ាន បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាឱកាស​នេះ គឺ​ដើម្បី​អបអរសាទរ និង​ជូនពរ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ប្រទេស​ទាំងពីរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អបអរសាទរ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​។​

​លោក​ចាង ឈុន​ស៊ាន បាន​បញ្ជាក់ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចាត់ទុក​សមិទ្ធផល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​សមិទ្ធផល​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
​លោក​បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ចំពោះ​សមិទ្ធផល​ជា​ផ្លែផ្កា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ម្លប់​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​អង្គការ​នីតិ​ប្បញ្ញត្ត នីតិប្រតិបត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ចាង​ឈុន​ស៊ាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​សង្គម​កម្ពុជា​ប្រកបដោយ​សុខដុមរមនា និង​មាន​ស្ថិរភាព​នយោបាយ​។​

​លោក​ចាង ឈុន​ស៊ាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ និង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​លោក​បាន​រំលឹកថា កាលពី​ឆ្នាំ​២០១៣​លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តួចផ្តើម​គំនិត​បង្កើតឡើង​នូវ​គោលនយោបាយ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ដែលមាន​បំណង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ជូន​ដល់​ពិភពលោក ហើយ​គំនិត​ផ្តួចផ្តើម​នេះ គឺជា​ការតភ្ជាប់​គ្នា​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ វប្បធម៌​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។

​គោលនយោបាយ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ បានរួម​ចំណែក​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​ជាច្រើន ដូចជា កំពង់ផែ​ខេត្ត​ព្រះសីហនុ វា​រី​អគ្គិសនី​មួយចំនួន សាលារៀន មន្ទីរពេទ្យ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យកចិត្តទុកដាក់ គឺ​សុទ្ធតែ​ស្ថិតក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​។​

លោក​ចាង ឈុន​ស៊ាន បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពីពេល​កន្លងទៅនេះ និង​បាន​ជ្រើសតាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៦​។​

​លោក ចាង ឈុន​ស៊ាន បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គាំទ្រ​ដល់​បញ្ហា​ស្នូល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សូម​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងតួនាទី​ដ៏​សំខាន់​ក្នុង​ក្របខណ្ឌ​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ប្រទេស​ចិន សូម​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ប្រទេស​ចិន​។​

​លោក​ចាង ឈុន​ស៊ាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ក្រុម​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​ជិតស្និទ្ធ​ថែមទៀត តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​លើ​គ្រប់​កម្រិត​។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​លោកប្រធាន​គណៈប្រតិភូ​។ សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ណាស់​ដោយ​បានឃើញ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ឥតឈប់ឈរ​រហូត​ឈានដល់​កម្រិត​កំពូល​គឺ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូរ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានរួម​វិភាគទាន​យ៉ាង​ធំធេង​ក្នុងការ​កសាង​និង​អភិវឌ្ឍ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ដូច​បច្ចុប្បន្ននេះ​។
ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានឡើយ​។

ការជួយឧបត្ថម្ភ​គាំទ្រ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​មិន​គ្រាន់តែ​នាំមក​នូវ​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​នូវ​ថែមទាំង​បាន​ជួយ​ដល់​ការពង្រឹង​ភាពជា​ម្ចាស់ និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ទៀត​ផងដែរ​។​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន គឺជា​អ្នកជិតខាង​ល្អ ជា​មិត្ត​ល្អ ជា​បងប្អូន​ល្អ និង​ជា​ដៃគូរ​ល្អ​។ ជានិច្ចកាល ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ឥត​ងាករេ​របស់ខ្លួន “​គឺ​គាំទ្រ​នយោបាយ​ចិន​១” ។​

សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន​ដែល​បានទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋសភា​នីតិកាល​ទី​៦​បន្តទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​និតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។ ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន​ដែល​បាន​ផ្តល់ជំនួយ​ដល់​ព្រឹទ្ធសភា​កម្ពុជា​តាំងពី​នីតិកាល​ទី​១ រហូតមកទល់​
បច្ចុប្បន្ន​នេះ។

ជា​ឧបករណ៍ សម្ភារៈ​ការិយាល័យ រថយន្ត អគារ​ធ្វើការ​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​ព្រឹទ្ធសភា មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ជួយ​កសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​បរិវេណ​ព្រឹទ្ធសភា និង​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​ស្ថាប័ន និង​ការលើកកម្ពស់​សមត្ថភាព​មន្ត្រីរាជការ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។

សម្តេច​ប្រធានព្រឹទ្ធសភា បានស្នើ​ដល់​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ បង្កើន​ការផ្លាស់ប្តូ​រទស្ស​និ​កិច្ច​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ មន្ត្រី​បច្ចេកទេស​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន រៀនសូត្រ​ដក​បទពិសោធ​ន៍​លើ​ការងារ​នីតិកម្ម និង​ការងារ​ផ្សេងៗ​ទៀត ព្រមទាំង​យកចិត្តទុកដាក់​បន្ត​ជួយ​បណ្តុះបណ្ដាល​ធនធានមនុស្ស​ដល់​យុវជន​កម្ពុជា ដើម្បី​បន្តវេន​ដឹកនាំ ថែរក្សា​មរតក​នៃ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​ថិ​ត​ថេរ​យូរអង្វែង​តរៀង​ទៅ​។​

សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ប្រជាជន​ចិន​សម្រេចបាន​ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​បក្ស​កុម្មុយនីស្ដ៍​ចិន​ដែលមាន ឯកឧត្តម ស៊ី ជិន​ភីង ជា​មេដឹកនាំ​ស្នូល​។ សម្តេច​បាន​ជូនពរ​បក្ស​កុម្មុយនីស្ត៍​ចិន​សម្រេចបាន​នូវ​ក្តី​សុបិន​ចិន ដើម្បី​ប្រែក្លាយ​ប្រទេស​ចិន​ជា​មហា​ប្រទេស​សង្គមនិយម​ទំនើប​ក្នុង​យុគសម័យ​ថ្មី​។​

សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​អន្តរជាតិ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​សកលលោក​។ ប្រទេស​កម្ពុជា​ក៏បាន​ទទួល​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​អំពី​គោលនយោបាយ “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” និង​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​អាស៊ី (AIIB) ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ចិន អាស៊ាន អាស៊ាន​+៣ និង​កិច្ចសហប្រតិបត្តិការ​មេគង្គ ឡាន​ឆាង​។

សម្តេច​ប្រធានព្រឹទ្ធសភា បាន​ប្រសិទ្ធិ​ពរ​ជូន​លោក​និង​សមាជិក​ប្រតិភូ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ​បរិ​បរ​ណ៌ និង​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុងឱកាស​ស្នាក់នៅ និង​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/

សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ​លោក​លី​ហុង​ចុង​ចូលជួប​សម្តែង​ការគួរសម​