សម្តេច​ប្រធានព្រឹទ្ធសភា ជម្រាប​ទូត​ឈី​លី ជួយ​ជំរុញ​អ្នកវិនិយោគ និង​អ្នកទេសចរ​មក​វិនិយោគ និង​ទស្សនកិច្ច​នៅ​កម្ពុជា​

618
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បានអនុញ្ញាត​ឲ្យ​លោក គ្រី​ស្ទា​ន រ៉េ​រ៉េ​ន បា​ហ្គេ​ត​តូ (Christian Rehren Bargetto) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឈី​លី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​លោក គ្រី​ស្ទា​ន រ៉េ​រ៉េ​ន បា​ហ្គេ​ត​តូ​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា លោក​មាន​កិត្តិយស​ដែល​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​រាជានុញ្ញាត​ឱ្យចូល​គាល់ និង​ជូន​សារតាំង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ លោក​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា នាពេលខាងមុខ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឈី​លី​នឹងមាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ល្អ​ជាមួយនឹង​គ្នា ព្រមទាំង​មានការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​លើ​មុខងារ​នីតិកម្ម មុខងារ​តំណាង និង​មុខងារ​ត្រួតពិនិត្យ​។​

​លោក គ្រី​ស្ទា​ន រ៉េ​រ៉េ​ន បា​ហ្គេ​ត​តូ បានបញ្ជាក់​ជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា នា​ថ្ងៃទី​១៧-១៩ ខែ មករា ឆ្នាំ​២០១៩ ខាងមុខនេះ គណៈប្រតិភូ​សភា​នៃ​សាធារណរដ្ឋ​ឈី​លី​ចំនួន​០៦​រូប នឹង​មក​ចូលរួម​ក្នុង​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) នៅ​ខេត្តសៀមរាប​។

​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ​លោក​បា​ហ្គេ​ត​តូ ដែល​ត្រូវបាន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឈី​លី តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឈី​លី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​ប្រធានព្រឹទ្ធសភា មាន​ជំនឿ​ជាក់​ថា បេសកកម្ម​ការទូតរ​បស់​លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បានរួម​ចំណែក​ក្នុងការ​ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​អង្គការនីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​បញ្ជាក់ថា​« ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​ខាង​វិស័យ​ទេសចរណ៍ និង​ធន ធាន​ធម្មជាតិ​។ សម្តេច​សង្ឃឹមថា តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត នឹង​ជួយ​ជំរុញ​អ្នកវិនិយោគ និង​អ្នក​ទេសចរណ៍ ឱ្យមក​វិនិយោគ និង​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​ថែមទៀត​»​។

​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា បានប្រកាស​ត្រៀមខ្លួន នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​លោក​ឯកអគ្គរដ្ឋទូត ដើម្បី​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ក្នុងនោះ ស​ម្តេ​ម​ប្រធានព្រឹទ្ធសភា ចង់​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​អង្គការ​នីតិ​ប្ប​ញ្ញ​តិ្ត​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​សមាជិកសភា និង​មន្ត្រីសភា​នៃ​ប្រទេស​ទាំងពីរ​។ តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត សម្តេច​ប្រធានព្រឹទ្ធសភា ក៏បាន​ផ្តាំផ្ញើ​នូវ​ការគោរព និង​ការសួរសុខទុក្ខ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​ថ្នាក់ គ្រប់ផ្នែក​របស់​ប្រទេស​ឈី​លី និង​បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញបេសកកម្ម​នៅ ព្រះរាជាណាចក្រ​កម្ពុជា​៕

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បានអនុញ្ញាត​ឲ្យ​លោក គ្រី​ស្ទា​ន រ៉េ​រ៉េ​ន បា​ហ្គេ​ត​តូ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ឈី​លី​ប្រចាំ កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​